កណ្តាលៈ ករណីឃាតកម្ម ដ៏សាហាវមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ត្រូវបានឃាតក ធ្វើសកម្មភាពវាយសម្លាប់ ខណៈដែលជនរងគ្រោះកំពុងដេកក្នុងអង្រឹង បណ្តាលឲ្យបែកក្បាល និងមុខហូរឈាមស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១២យប់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ព្រែកតាបែន ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួចមក រំលងកើតហេតុបានរយៈពេល២ម៉ោង សមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវកំណត់មុខសញ្ញាជនដៃដល់ ដែលជាឃាតករ រហូតឈានទៅដល់ការចាប់ឃាត់ខ្លួនបាន យកមកធ្វើការសាកសួរផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថាជនដៃដល់ដែលជាឃាតក ដែលសមត្ថកិច្ចចាប់ខ្លួនខាងលើនេះ មានឈ្មោះ នួន សារី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងផ្ទះ ស្នាក់នៅភូមិឃុំកើតហេតុ ដោយសមត្ថកិច្ចធ្វើការដកហូតវត្ថុតាង កំណាត់ឈើ ១កំណាត់ ដែលមានប្រវែង១.១៣ម៉ែត្រ ជាឧបករណ៍ធ្វើសកម្មភាពវាយ សម្លាប់។
ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ ស្រ៊ឺន ឌីណា ហៅខ្នា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុ ខាងលើ នៅលើសាកសព មានរបួសស្នាមមុតក្រោមភ្នែកខាងស្តាំ១កន្លែង និងនៅលើក្បាលមានស្នាមមុត១កន្លែង។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ផ្ទះឈ្មោះ គគ គីមហៀង បានធ្វើបុណ្យខួប៣ឆ្នាំឲ្យប្តី ឯជនរងគ្រោះមកជួយមើលការខុសត្រូវ រហូតដល់ម៉ោង៨យប់ ជនរងគ្រោះបានអង្គុយផឹកស្រាជាមួយនឹងមនុស្ស៣នាក់ ទី១ឈ្មោះ នឿន សុខណាន ហៅអ៊ូខុង អ្នកចាក់ មេក្រូ។ ទី២.ឈ្មោះ ហឿន ភឿន ភេទប្រុស អាយុ៣៥ឆ្នាំ កូនប្រសារម្ចាស់ផ្ទះ និងទី៣ឈ្មោះ ញឺន ថេង ភេទប្រុស អាយុ៤៣ឆ្នាំ ប្អូនថ្លៃម្ចាស់ផ្ទះ ដោយពួកគាត់បានអង្គុយផឹក រហូតដល់ម៉ោង១០យប់ទើបឈប់ និងបានបែកគ្នា រីឯជនរងគ្រោះបានចងអង្រឹងដេកក្រោមជណ្តើរផ្ទះម្ចាស់បុណ្យ រហូតដល់ម៉ោងយប់ ជនសង្ស័យបានមានទំនាស់ពាក្យសម្តីជាមួយនិងជនរងគ្រោះ ដោយបានប្រាប់ឲ្យជនរងគ្រោះកុំឲ្យប្រើថ្នាំញៀន បែរជាជនរងគ្រោះបានគំរាមរកសម្លាប់ខ្លួនដែលជនដៃដល់ ដោយឃើញឪកាសល្អ ជនសង្ស័យបានយកឈើជ្រុងដែលទុកនៅក្រោមផ្ទះម្តាយខ្លួន មកវាយជនរងគ្រោះកំពុងដេកក្នុងអង្រឹងចំនួន៤ដំបង បណ្តាលឲ្យស្លាប់ក្នុងអង្រឹងតែម្តង ។
លុះដល់ម៉ោង៥ភ្លឺ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្រាប់តែមានគេប្រទះឃើញមាន ឈាមហូរនៅខាងក្រោមអង្រឹងដែលជនរងគ្រោះដេក ទើបម្ចាស់ផ្ទះកើតហេតុ បានប្រញាប់រាយការណ៍ ទៅកាន់លោកនាយប៉ុស្តិ៍ព្រះប្រសប់ លោកនាយប៉ុស្តិ៍ក៏បានបន្តការ រាយការណ៍ទៅកាន់លោកអធិការ ឲ្យកម្លាំងជំនាញចុះពិនិត្យឃើញមានស្នាមរបួសលើជនរងគ្រោះ បានសន្និដ្ឋានថា សាកសពជនរងគ្រោះស្លាប់ដោយសារករណីឃាតកម្ម ។
ក្រោយពីស្រាវជ្រាអស់វរយៈ២ម៉ោង សមត្ថកិច្ចជំនាញ បានកំណត់មុខសញ្ញាជនដៃដល់ដែលជាឃាតក បានឈានទៅដល់ការចាប់ខ្លួនបាន ដោយដកហូតបានវត្ថុតាងឈើសម្រាប់ធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះមកជាមួយផងដែរ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
https://youtu.be/Rd6aRCF3q5w
មតិយោបល់