ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ខ្សឹប) ផែឯកជនរបស់លោក សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្លាយជាច្រកនាំទំនិញគេចពន្ធ

ព្រះសីហនុ: មន្ត្រីនៅសាលាខេត្តព្រះសីហនុ ក្រុមមន្ត្រីមានសមត្ថកិច្ច ក៏ដូចជាក្រុមអ្នករកស៊ីមួយចំនួនបានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឲ្យដឹងថា ទំនិញគេចពន្ធស្ទើរគ្រប់សារពើ ត្រូវបានពួកឈ្មួញលួចនាំចូលទាំងយប់ទាំងថ្ងៃ តាមកំពុងផែឯកជនរបស់លោក សូ ជុងហួរ ជំនួយការផ្ទាល់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាប្រធានក្រុប្រឹក្សាខេត្តព្រះសីហនុ នៅតំបន់ទំនប់រលកយ៉ាងគគ្រឹកគគ្រេង តែគេមិនដែលឃើញជំនាញគយ នគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច និងមន្ត្រីពាក់ព័ន្ធណាអើពើក្នុងការបង្ក្រាបទប់ស្កាត់នោះទេ។

មន្ត្រី និងក្រុមអ្នករកស៊ីខាងលើបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា កំពង់ផែឯកជនរបស់លោក សូ ជុងហួរ នោះជាអតីតផែកាណូតរ៉ូយ៉ាល់ នៅតំបន់ផ្សារទំនប់រលក ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយកំពង់ផែនេះ កំពុងតែក្លាយទៅជាកន្លែងនាំចូលទំនិញគេចពន្ធនៅពេលយប់យ៉ាងមម៉ាញឹកជាយូរមកហើយ ដែលលាក់បាំងពីភ្នែកមហាជន។

ប្រភពបានខ្សឹបប្រាប់នាយក្តាមប្រៃឲ្យដឹងទៀតថា ការនាំចូលទំនិញគេចពន្ធនៅពេលយប់នៅកំពង់ផែឯកជនរបស់លោកសូ ជុងហួរ ទីប្រឹក្សាខេត្តព្រះសីហនុ នេះ គឺដើម្បីចៀសផុតពីចំណាត់ការរបស់សមត្ថកិច្ចគយ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតផងដែរ។

ប៉ុន្តែដោយសារមានការឃុបឃិតពីសមត្ថកិច្ចពាក់ព័ន្ធ ទើបឈ្មួញអាចនាំចូលទំនិញគេចពន្ធតាមច្រកកំពង់ផែនេះបានយ៉ាងរលូន ហើយគេមិនដែលឃើញមានចំណាត់ការបង្ក្រាបពីជំនាញគយ ម្តងណាឡើយ។

ប្រភពបានខ្សឹបទៀតថា មូលហេតុដែលគេមិនដែលឃើញមន្ត្រីគយ ឬមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបទំនិញនោះ ក៏ព្រោះតែមន្ត្រីមានសមត្ថកិច្ចទាំងនោះ គេចាត់ចែងឲ្យចុះទៅនោះ សុទ្ធតែត្រូវឲ្យស្លៀកពាក់ស៊ីវិល ចាំប្រមូលលុយពីក្រុមឈ្មួញ ដែលដឹកទំនិញគេចពន្ធនោះ ដើម្បីចែកគ្នាតាមឋានានុក្រម ដោយពុំបានយកចូលបង់ជាចំណូលពន្ធអាកររដ្ឋឡើយ។

ប្រភពខាងលើនៅបានខ្សឹបបញ្ជាក់ថា កន្លងមកផែឯកជនដែលលោក សូ ជុងហួរ ជួលពីរដ្ឋនៅក្នុងភូមិ៣ សង្កាត់លេខ១ ជាប់ផ្សារទំនប់រលកនេះ គឺជាផែកាណូតរ៉ូយ៉ាល់សម្រាប់ដឹកអ្នកដំណើរទៅខេត្តកោះកុង និងទៅកោះរុង និងកោះនានា ជាដើម។ ប៉ុន្តែឥឡូវកំពង់ផែឯកជននេះមានការនាំចេញនាំចូលទំនិញគេចពន្ធយ៉ាងពេញបន្ទុកនៅពេលយប់ ។

ប្រភពនៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា ក្រុមឈ្មួញសម្រុកដឹកទំនិញគេចពន្ធចូលមកច្រកកំពង់ផែរបស់លោក សូ ជុងហួរ នោះ គឺមកពីមានការឃុបឃិតគ្នាជាប្រព័ន្ធ ទាំងម្ចាស់ផែ ទាំងសមត្ថកិច្ចពាក់ព័ន្ធ និងទាំងក្រុមឈ្មួញផងដែរ ទើបឈ្មួញអាចនាំចូលទំនិញគេចពន្ធចូលតាមផែឯកជន របស់លោក សូ ជុងហួរ នេះតាមអំពើចិត្តដោយគ្មានការត្រួតពិនិត្យ និងបង់ពន្ធចូលរដ្ឋឡើយ ជាហេតុធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធរដ្ឋយ៉ាងច្រើនពាន់លានរៀលក្នុងមួយខែៗ។

ក្រុមមន្ត្រី និងអ្នករកស៊ីខាងលើបានខ្សឹមប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា នៅក្នុងខេត្តព្រះសីហនុនេះអ្នកណាៗ ក៏គេបានឮ បានដឹងថា លោក សូ ជុងហួរ មានអំណាចមិនធម្មតាឡើយ ពោលគឺតាំងពីគាត់នៅធ្វើជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តហើយនៅពេលនេះក្លាយជាប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ហើយលោក សូ ជុងហួរ រឹតតែមានអំណាចខ្លាំងថែមទៀតនោះ ព្រោះគាត់ជាទីប្រឹក្សារបស់មេដឹកនាំជាន់ខ្ពស់ផងដែរ។ ហេតុនេះហើយទើបសមត្ថកិច្ចក្នុងខេត្តព្រះសីហនុមិនហ៊ានបង្ក្រាបទំនិញគេចពន្ធ ដែលឈ្មួញនាំចូលតាមកំពង់ផែរបស់គាត់នោះទេ។

មន្ត្រីរាជការនៅខេត្តព្រះសីហនុ បានសំណូមពរទៅដល់ ក្រសួង និងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យឡើងវិញផងដែរ ព្រោះបទល្មើសនាំចូលទំនិញគេចពន្ធតាមផែឯកជនរបស់លោក សូ ជុងហួរ ធ្វើឲ្យបាត់បង់ចំណូលរដ្ឋច្រើនណាស់ក្នុងមួយខែៗ៕

មតិយោបល់