ព័ត៌មានសិល្បៈ និងកម្សាន្ត

ខាត់ សុឃីម ប្រកាសចាយខ្ទង់ម៉ឺន នាំប្ដីដើរលេងប្រទេសធំៗ

ភ្នំពេញ: បន្ទាប់ពីមានការប្រកាសថា តារាចម្រៀងល្បីឈ្មោះអ្នកនាង ខាត់ សុឃីម កំពុងរត់ច្បាប់យកប្ដីដើរលេងនៅទ្វីបអ៊ឺរ៉ុប កាណាដា និងអាមេរិក បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគម្រោងធំបែបនេះ កម្រកើតមានសម្រាប់គូស្នេហាតារាល្បីជាលក្ខណ:ផ្ទាល់ខ្លួនបែបនេះ។ អ្នកនាងប្រាប់ថា ខ្លួនត្រៀមរហូតដល់ខ្ទង់ម៉ឺនដុល្លារឯណោះ ដោយសារតែការដើរកម្សាន្តនោះមានរយ:ពេលរហូតដល់មួយខែពេញ។

អ្នកនាងថ្លែងប្រាប់  Post News ថា គម្រោងនាំប្ដីដើរលេងនោះ មិនមែនជាការចេញសម្ដែង ឬមានការងារអ្វី ទើបតម្រូវឲ្យអ្នកនាង និងស្វាមីចេញក្រៅនោះទេ ប៉ុន្តែគឺមកពីចង់នាំលោក ផាណូ ជាស្វាមីដើរលេងតែម្ដង ទើបអ្នកនាងដាក់ចិត្តអត់ទទួលយកការងារពេញមួយខែចាប់ពីខែពាក់កណ្ដាលខែ៨ រហូតដល់ដំណាច់ខែ១០ ដើម្បីដើរកម្សាន្ត ដោយអ្នកនាងថា បើជ្រុលជាអស់លុយទៅហើយ គឺដើរឲ្យសព្វ និងអស់លុយប៉ុន្មានម៉ឺនក៏អស់ទៅ។ អ្នកនាងប្រកាសថា ខ្លួននឹងចេញទៅកាន់ទ្វីបអ៊ឺរ៉ុប កាណាដា ឬសហរដ្ឋអាមេរិក ពេញរយ:ពេលមួយខែ ឬអាចទៅកាន់ប្រទេសទាំង៣តែម្ដង ឲ្យតែប្រទេសទាំង៣ យល់ព្រមផ្ដល់ទិដ្ឋាការឲ្យអ្នកនាងដើរកម្សាន្ត។

យ៉ាងណាក៏ដោយអ្នកនាងបានសម្ដែងក្ដីបារម្ភ បន្ទាប់ពីការដាក់ស្នើសុំទិដ្ឋាការនៅមិនទាន់មានប្រទេសណាមួយយល់ព្រម ដោយសារតែគេយល់ថា ពួកអ្នកនាង គឺជាតារា ហើយខ្លាចថា បានចេញទៅហើយ មិនត្រលប់មកវិញតាមកាលកំណត់។ អ្នកនាងនិយាយថា «ពួកខ្ញុំទៅដើរលេងមែន គឺទៅមួយខែពេញ ហើយបើទោះជាបានទៅអ្នកណាហៅសម្ដែង ក៏អត់ដែរ ព្រោះចង់ដើរលេង តែវាទាស់ត្រង់ថា តាំងពីខ្ញុំសុំទិដ្ឋាការមក គឺមិនទាន់មានខាងណាគេឲ្យនៅឡើយទេ ទើបចង់ភ័យដែរ ខ្លាចអត់បានដើរលេង!»។ អ្នកនាងរំពឹងថា នឹងបានទទួលសិទ្ធិចេញទៅដើរកម្សាន្តក្នុងប្រទេសមួយក្នុងចំណោមទាំង៣ ហើយប្រសិនបើបានទទួលសិទ្ធិចេញទៅប្រទេសទាំង៣តែម្ដង គឺនឹងដើរលេងឲ្យអស់ដៃតែម្ដង ដោយគ្រោងចេញពីអ៊ឺរ៉ុប ទៅកាណាដា និងទៅអាមេរិកឲ្យសព្វតំបន់ទាំង៣តែម្ដង។

អ្នកនាងនិយាយថា «ការពិតមួយខែតិចណាស់ ព្រោះគ្រាន់តែនៅទ្វីបអ៊ឺរ៉ុបយើងដើរអត់សព្វផង ប៉ុន្តែយើងទៅចោះៗទៅ គឺសព្វហើយសំខាន់ គឺឲ្យតែបានប្ដីខ្ញុំស្គាល់ស្រុកគេម្ដង!»។ អ្នកនាងថា ប្រឹងរកយូរហើយ ចឹងសម្រាប់ប៉ុន្មានពាន់ប៉ុន្មានម៉ឺន ដែលនឹងប្រើសម្រាប់ការដើរកម្សាន្តនេះ គឺទោះជាច្រើនក៏ត្រូវតែធ្វើដែរ ដើម្បីឲ្យបានលម្ហែកាយខ្លះ។ អ្នកនាងប្រកាសទៅតែ២នាក់ស្វាមីប៉ុណ្ណោះ ដោយសារកូនច្បងជាប់រៀន ហើយកូនពៅនៅតូចមិនអាចដើរឆ្ងាយ និងចង់ដើរកម្សាន្តឲ្យបានសប្បាយសព្វផង។ អ្នកនាងបានរៀបចម្បង្វិចរួចរាល់អស់ហើយ ដោយសារអ្នកនាងប្រាកដចិត្តថា ក្នុងចំណោមប្រទេសទាំង៣ គឺពិតជាមួយមាន១ ឬ២ យល់ព្រមផ្ដល់ទិដ្ឋាការឲ្យអ្នកនាង និងស្វាមីដើរលេងកម្សាន្ត៕

មតិយោបល់