ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ ឈិត សុវណ្ណបញ្ញា និង សុគន្ធ ថេរ៉ាយុ ដឹកដៃគ្នាទៅអង់គ្លេស

​មិនធ្លាប់បង្ហើបគម្រោងចាកចេញទៅសម្ដែងនៅប្រទេសអង់គ្លេសឲ្យអ្នកគាំទ្របានដឹងពីមុនមកទេ ប៉ុន្តែតារាចម្រៀង២ដួង គឺកញ្ញា ឈិត សុវណ្ណបញ្ញា និងលោក សុគន្ធ ថេរ៉ាយុ ស្រាប់តែដឹកដៃគ្នាយ៉ាងព្រងើយទៅកាន់ប្រទេសអង់គ្លេស ដោយការចាកចេញរបស់អ្នកទាំងពីរ គឺតែប៉ុន្មានម៉ោងក្រោយពីពលករដ្ឋខ្មែរជាន់សែស្រឡាយចិនធ្វើពិធីសែនព្រេនកុងម៉ាតាមទម្លាប់របស់ជនជាតិចិនប៉ុណ្ណោះ។ នៅមិនទាន់ដឹងថាអ្នកទាំងពីរចេញទៅប៉ុន្មានថ្ងៃនោះទេ ខណ:ដែលអ្នកទាំងពីរគ្រាន់តែបង្ហើបថាទៅដើម្បីដើរកម្សាន្ត និងឆ្លៀតថតMV នៅទីនោះ។

ដំណើរចាកចេញរបស់តារាចម្រៀងក្រោមទ្រនំទាំងពីរត្រូវបានធ្វើឡើងនៅវេលាម៉ោងជិតពាក់កណ្ដាលអធ្រាត្រកាលពីយប់ថ្ងៃទី១៥ កុម្ភ: ដោយការចេញដំណើររបស់ពួកគេ ក៏បានជួបតារាចម្រៀង៣ដួង គឺកញ្ញា មាស សុខសោភា កញ្ញាយូរី និងលោកខេម ដែលធ្វើដំណើរមកសម្ដែងនៅក្នុងប្រទេសកូរ៉េនោះផងដែរ។ ឈិត សុវណ្ណបញ្ញា បានបង្ហោះនៅមុនចេញដំណើរថា នាងចេញទៅកម្សាន្តនៅក្នុងប្រទេសអង់គ្លេស ដោយក្រៅពីនាងក៏មានតារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ ម្នាក់ផងដែរ ដឹកដៃទៅជាមួយ។ នេះជាដំណើរកម្សាន្តលើកដំបូងដែលគេឃើញតារាចម្រៀងរូបនេះ បានទៅរួមគ្នាទៅកាន់ប្រទេសអង់គ្លេស ក្នុងពេលដែលការចេញដំណើររបស់អ្នកទាំងពីរក៏មិនខុសពីការដើរកម្សាន្តក្រោយឱកាសសែនចិន ដែលពលរដ្ឋសែស្រឡាយចិនភាគច្រើននិយមយកពេលទៅសប្បាយៗនៅតាមតំបន់ក្នុងស្រុក និងក្រៅស្រុកជាទូទៅ។ ឈិត សុវណ្ណបញ្ញា និង លោក សុគន្ធ ថេរ៉ាយុ មិនបានឆ្លើយឲ្យដឹងពីរយ:ពេលដើរកម្សាន្ត ដែលអាចនឹងមានគម្រោងថតMV ភ្ជាប់ជាមួយផងនេះឲ្យដឹងនៅឡើយទេ ប៉ុន្តែយោងតាមអ្នកទាំងពីរ គឺអំឡុងដើមខែ៣ អ្នកទាំងពីរបានកុងត្រាទទួលច្រើនកម្មវិធី ទើបគេជឿជាក់ថានេះជាដំណើរកម្សាន្តមួយខ្លីតែប៉ុណ្ណោះ នៅក្នុងប្រទេសអង់គ្លេស៕

មតិយោបល់