បាត់ដំបងៈ ទំនិញខូចគុណភាពជាច្រើនប្រភេទ រួមទាំងប្រហិតសាច់ត្រី និងណែមសាច់ត្រី ដែលមានលាយសារធាតុគីមី ហាមឃាត់ បូរ៉ាក់ ត្រូវបានដុតបំផ្លាញចោល បន្ទាប់ពីកំលាំងសាខាកាំកុងត្រូលខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យទៅលើទីផ្សារ និងតាមបណ្តាស្តង់ បោះដុំ និង រាយ រួចមក ទើបធ្វើការដកហូតទំនិញទាំងនេះ។
នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ សាខាកាំកុងត្រូល ខេត្តបាត់ដំបងបានរៀបចំពិធីដុតកម្ទេចនូវទំនិញខូចគុណភាព ដែលប្រព្រឹត្តឡើងនៅចំនុចក្បែរបងអធិការដ្ឋាននគរបាលស្រុកសង្កែ ក្រោមវត្តមានលោក ច័ន្ទ សុផល គណៈអភិបាល នៃគណៈអភិបាលខេត្ត លោក ហេង លុយ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោក ហាក់ សុខរិន ប្រធានសាខាកាំកុង ត្រូលខេត្ត លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ និងអាជ្ញាធរមូលដ្ឋានមន្ត្រីកាំកុងត្រូលជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះដែរ លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលបានបញ្ជាក់ថា ទំនិញដែលត្រូវដុតបំផ្លាញ នាឱកាសនេះ គឺមានទំនិញចំរុះ ២៧៧៦ គីឡូក្រាម ប្រហិតសាច់ត្រី ដោយមានដាក់លាយសារធាតុគីមី បូរ៉ាក់ ១២០០គីឡូក្រាម ណែមសាច់ត្រីដែលមានដាក់លាយសារធាតុគីមី បូរ៉ាក់ ៥១៥គីឡូក្រាម សរុបនៃការដុតបំផ្លាញថ្ងៃនេះ មានចំនួន៤៤៩១គីឡូក្រាម៕





មតិយោបល់