ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រើពេលជិតកន្លះឆ្នាំ ទើបចាប់មេឈ្មួញជនជាតិថៃ ជាមួយថ្នាំញៀនជាង៣គីឡូក្រាម

ភ្នំពេញ: សមត្ថកិច្ចបានប្រើពេលអស់ជិតកន្លះឆ្នាំ ដើម្បីធ្វើការតាមដាន និងស្រាវជ្រាវរកចាប់ខ្លួនមេឈ្មួញគ្រឿងញៀនដ៏ធំម្នាក់។ បុរសជនជាតិថៃម្នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនប្រមាណ៣គីឡូក្រាម ស្មើនឹង២៣ដុំ ត្រូវបានកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាបដោយប្រើប្រាស់វិធីញុះញុងឲ្យប្រព្រឹត្តបទល្មើស។

ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំនេះ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី និងកម្លាំងនគរបាលខណ្ឌសែនសុខ ផងដែរ។

ឧត្តមសេនីយ៍ទោ សាន សុធី អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆៃ យ៉ាភុងភីសៃផាន់ ហៅ ហង្ស សុភាព ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៣ ក្នុងបុរីពិភពថ្មី ផ្លូវលេខ៦ ក្រុមទី៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក សាន សុធី បន្តឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆៃ យ៉ាភុងភីសៃផាន់ គឺកម្លាំងបើកការស្រាវជ្រាវចាប់តាំងពីអំឡុងខែកុម្ភ: ឆ្នាំ២០១៦មកម៉្លេះ ដោយបានប្រើប្រាស់កម្លាំងជំនាញប្រើវិធីញុះញុងឲ្យជនសង្ស័យប្រព្រឹត្តបទល្មើស។ រហូតមកដល់វេលាម៉ោង៦ល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យត្រូវកម្លាំងរបស់បង្ក្រាបបាននៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតវត្ថុតាង ថ្នាំញៀនចំនួន៣ដុំ ស្មើ៣គីឡូក្រាម នាំទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ ហើយក្រោមពីធ្វើការសាកសួរ ទើបឈានដល់ការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ នៅចំណុចផ្ទះជួលលេខ៣ ក្នុងបុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង៤៖៣០នាទី ល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ រកឃើញថ្នាំញៀនចំនួន២០ដុំបន្ថែមទៀត និងស្លាកលេខរថយន្តចំនួន២ផងដែរ។

បើតាមសមត្ថកិច្ចជំនាញ គ្រឿងញៀនទាំង២០ដុំ ដែលបង្ក្រាបនោះ មានចំនួន៣ប្រភេទ គឺថ្នាំញៀនប្រភេទ មេតំហ្វេតាមីនគ្រាប់(WY) ចំនួន១០ដុំ ប្រភេទហេរ៉ូអ៊ីន ចំនួន២ដុំ និងប្រភេទមេតំហ្វេតាមីន ( ICE)ចំនួន៨ដុំ ព្រមទាំងដកហូតរថយន្ត២គ្រឿងផងដែរ គឺម៉ាក ឡង់គ្រីស័រ ពណ៌ស្ករ ១គ្រឿង និងរថយន្តម៉ាក មែកសឺដេស ពណ៌ទឹកប្រាក់ ១គ្រឿង។

បច្ចុប្បន្នទាំងវត្ថុតាង និងជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីចាត់បន្តតាមនីតិវិធី ចំណែកផ្ទះកើតហេតុ ត្រូវសមត្ថកិច្ចបិទជាបណ្តោះអាសន្ន៕

photo_2016-08-02_22-12-40

photo_2016-08-02_22-12-55

photo_2016-08-02_22-12-58

photo_2016-08-02_22-13-04

photo_2016-08-02_22-13-07

មតិយោបល់