ព្រះសីហនុៈ នៅថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨និង៥០ នាទីយប់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានចុះបង្រ្កាបករណីចែកចាយ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន មួយកន្លែង ស្ថិតនៅចំណុចផ្លូវបេតុងមុខតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ។
ជនសង្ស័យទី១:ឈ្មោះ អៀង និមល ភេទស្រី អាយុ២៨ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដកហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់ (តូច) ទូរស័ព្ទដៃចំនួន០១គ្រឿង។
បន្ទាប់ពីឃាត់ខ្លួនរួចជនសង្ស័យខាងលើ បានសហកាជាមួយកម្លាំងសមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅវេលាម៉ោង ១៩និង១០នាទីយប់ ដែលមានឈ្មោះ លៀង ភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២ កញ្ចប់ (តូច) ទូរស័ព្ទដៃចំនួន ០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់