ភ្នំពេញៈ នៅថ្ងៃពុធ ទី៣ ខែសីហានេះ សពរបស់តារាសម្ដែងជើងចាស់ ហង្ស ផល្លីមធុរ៉ា នឹងត្រូវកំណត់បូជាហើយ ដោយពេលវេលាបូជា ត្រូវលើកពីម៉ោង៧ព្រឹក ទៅម៉ោង៩ព្រឹកវិញ ដើម្បីឲ្យតារាសិល្បៈ និងញាតិមិត្តជិតឆ្ងាយមានឱកាសចូលរួម។ ជាមួយនឹងវិនាទីចុងក្រោយ នៃការជូនដំណើរដល់សពរបស់លោកនេះ គេឃើញមានរូបថតវ័យក្មេងដ៏កម្ររបស់លោក ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដែលរូបទាំងនោះ សុទ្ធតែជាអនុស្សាវរីយ៍រវាងលោក និងតារាសិល្បៈមួយចំនួនក្នុងពេលថតកុន។
រូបដែលបានបង្ហោះជាច្រើនសន្លឹកនោះ គឺជារូបដែលបានបង្ហោះចេញពីគណនីហ្វេសប៊ុករបស់លោក គួច ខេវិន ជាអ្នកផលិតកម្មវិធីប្រចាំទូរទស្សន៍ PNN និងជាអតីតារាសម្ដែង ក្នុងជំនាន់លោក ហង្ស ផល្លីមធុរ៉ា។ រូបថតទាំងនោះ ត្រូវបានគេចែកចាយ អមដោយសំណេរសង្វេគ និងអាណិតអាសូរចំពោះជីវិតដ៏កម្សត់របស់តារាជើងចាស់រូបនេះយ៉ាងខ្លាំង ជាពិសេសនៅពេលដែលលោក គឺជាអតីតតារាល្បីមួយរូប ប៉ុន្តែជីវិតចុងក្រោយ គឺវេទនាដោយសារតែខ្វះលទ្ធភាពព្យាបាល និងត្រូវភរិយាក្រោយរបស់លោកបញ្ជាក់ថា លោកមិនមានសល់ផ្ទះសម្បែងជារបស់ផ្ទាល់ខ្លួនទេ បន្ទាប់ពីចាញ់ក្ដីជាមួយភរិយាដើម។
រូបថតវ័យក្មេងរបស់លោក ត្រូវបានគេចាប់អារម្មណ៍ភាគច្រើន ដោយសារតែហេតុផល២ ទី១ គឺដោយសារតែរូបភាពទាំងនោះ ជារូបថតរបស់លោក ហង្ស ផល្លីមធុរ៉ា កាលនៅក្មេងដែលគេកម្រឃើញ និងទី២ ដោយសារតែការបង្ហោះនូវរូបទាំងនោះ គឺត្រូវចំបរិបថដែលសពរបស់លោក ហង្ស ផល្លីមធុរ៉ា ត្រូវដល់កំណត់បូជា។
លោក គួច ខេវិន ដែលជាអ្នករំលេចនូវការចាប់អារម្មណ៍ទាំងនេះ បានអះអាងថា ដើម្បីរំឭកអនុស្សាវរីយ៍ជាមួយលោក ហង្ស ផល្លីមធុរ៉ា ដែលបាត់បង់ជីវិតទាំងមិនគួរឲ្យជឿ។ លោកថា ក្នុងនាមជាមិត្តធ្លាប់រួមអាជីព លោកមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ក្នុងពេលដែល ហង្ស ផល្លីមធុរ៉ា ស្រាប់តែបាត់មុខមួយរយៈធំ លុះដល់ពេលលេចដំណឹងក៏ជាដំណឹងអកុសលទាំងមិនគួរឲ្យជឿ។ លោកថា ការបាត់បង់តារាសម្ដែងជើងចាស់មួយនេះ បានធ្វើឲ្យលោក និងតារាសិល្បៈភាគច្រើនរន្ធត់ចិត្ត អ៊ីចឹងហើយទើបរូបថតដែលលោកបានបង្ហោះមានសន្ទុះទាក់ទាញខ្លាំងនៅលើហ្វេសប៊ុក៕
មតិយោបល់