ព័ត៌មានជាតិ

លោកវរសេនីយ៍ទោ កែវ សុថា៖ ពេលនេះសមត្ថកិច្ចចាប់បានជនសង្ស័យពាក់ពន្ធ័នឹងករណីឃាតកម្មរំលោភសម្លាប់នារីម្នាក់នៅក្រុងបាវិតបានហើយ!

ស្វាយរៀង: លោកវរសេនីយ៍ទោ កែវ សុថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រាប់Post News នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ មុននេះបន្តិចថា ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ស្នងការ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌនគរបាលខេត្តស្វាយរៀង និងមានកិច្ចសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័នឹងសំណុំរឿងឃាតកម្មរំលោភសម្លាប់ ទៅលើក្មេងស្រីវ័យ១៨ឆ្នាំ​ដែលជាបុគ្គលិកការស៊ីណូហ្គោតឡាក់ នោះបានហើយ នៅវេលាម៉ោង៧ព្រឹក និងបន្តកិច្ចប្រតិបត្តិការនៅវេលាម៉ោង២រសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ ដោយឃាត់ខ្លួនជនសង្ស័យជាប់ទាក់ទិនក្នុងករណីឃាតកម្មកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៧ នៅក្រុងបាវិតបានចំនួន២នាក់។

លោកវរសេនីយ៍ទោ កែវ សុថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់បន្ថែមថា៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆើយ សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេតស្វាយរៀង ដែលសង្ស័យជាប់ទាក់ទិនក្នុងករណីឃាតកម្ម កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៧ នៅក្រុងបាវិត។

នៅពេលឃាត់ខ្លួនសមត្ថកិច្ចយើងឆែកឆេរលើខ្លួនប្រាណបានរកឃើញខ្សែកមួយខ្សែ និង ចិញ្ចៀនមួយវង់ ឆ្លងតាមការសាកសួររហូតដល់ម៉ោង២រសៀល ជនសង្ស័យបានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ខ្លួននិងគូកនម្នាក់ ទៀតឈ្មោះ ផ្លេក មុន្នី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិឃុំជាមួយគ្នា ពិតជាបានរួបរួមគ្នាប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈទៅលើនារីឈ្មោះ សុវណ្ណ សុម៉ាលីន អាយុ១៨ឆ្នាំ នៅក្នុងរថយន្ត រួចរឹតកសម្លាប់ហើយយកទៅបោះចោលនៅចំណុចផ្លូវលំស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ប្រាកដមែន ។

រហូតមកដល់វេលាម៉ោង ៣និង២០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានសហការជួយឃាត់ខ្លួនជនសង្ស័យឈ្មោះ ផ្លេក មុន្នី បានម្នាក់ទៀត។

បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងទៅទទួលយកជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់