បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជាមានសន្ទុះ និងការរីកចម្រើនជាខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកម្ពុជាយើងមានគម្រោងអភិវឌ្ឍទីក្រុងរណប គម្រោងសាងសង់អគារខុនដូ អគារការិយាល័យ ផ្សារទំនើប ក៏ជាទីផ្សារនៃការពុះដីឡូដ៍លក់ជាដើម ដែលបានបង្ហាញអំពីភាពមមាញឹកនៃវិស័យអចលនទ្រព្យ ក្នុងប្រទេសយើង។
ដូច្នេះដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យជោគជ័យមួយរូប តើចំណុចដំបូងយើងគួរដឹងអំពីអ្វីខ្លះ?
តាមរយៈការសំភាសន៍ ជាមួយលោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate និងជាអនុប្រធានរបស់សមាគមអ្នកវាយតម្លៃអចលនវត្ថុ បានចែករំលែកបទពិសោធន៍របស់លោកមកកាន់ Post Real Estate ថា ភ្នាក់ងារអចលនទ្រព្យ គឺជាអាជីពមួយ ដែលទាមទារឲ្យលោកអ្នកត្រូវមានវិជ្ជាជីវពិតប្រាកដ ប្រសិនបើលោកអ្នកមានបំណងចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យអាជីពមួយរូប ដែលកត្តាសំខាន់លោកអ្នកត្រូវមាន៖
ទី១ ចំណេះដឹង ដោយសង្កេតឃើញថា នៅប្រទេសកម្ពុជាយើងពុំទាន់មានសាលាបើកបង្រៀន អំពីជំនាញអចលនទ្រព្យ នៅឡើយនោះទេ ដែលទាមទារឲ្យលោកអ្នកត្រូវមានចំណេះដឹង និងស្វែងរកសិក្សាបន្ថែមតាមរយៈ ការសិក្សាអំពីវគ្គខ្លី នៅខាងក្រៅជាមួយអ្នកជំនាញផ្សេងៗ។ ជាមួយគ្នានោះផងដែរ ភ្នាក់ងារអលចនទ្រព្យ ត្រូវមានចំណេះដឹង ផ្នែកច្បាប់អចលនទ្រព្យ ពន្ធដា និងផ្នែកភាសាដើម្បីងាយស្រួល ក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាទំនាក់ទំនង។
ទី ២ គឺបទពិសោធន៍៖ ប្រសិនបើលោកអ្នកគ្មានបទពិសោធន៍នោះនឹងមិនអាចទទួលបានជោគជ័យឡើយ ព្រោះថា ភាពជោគជ័យគឺកើតឡើងរវាងអ្នកទិញ និងអ្នកលក់ (ឬម្ចាស់ជួល និងអ្នកទទួលជួល) ដើម្បីទទួលបានកម្រៃជើងសារ ដែលទទួលបានពីការប្រើប្រាស់បទពិសោធន៍របស់លោកអ្នក។ ដូច្នេះដើម្បីទទួលបាននូវបទពិសោធន៍ លោកអ្នកគួរចូលធ្វើការនៅក្នុងក្រុមហ៊ុន ដែលជាភ្នាក់ងារអលចនទ្រព្យណាមួយ ដើម្បីធ្វើការសិក្សាស្វែងយល់ និងអាចស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួន និងងាយស្រួលក្នុងការសិក្សាបន្ថែមតាមរយៈប្រព័ន្ធអ៊ីធើណេត។
ជាចុងក្រោយលោកបានមានមតិយោបល់បន្ថែមថា ជាភ្នាក់ងារអចលនទ្រព្យមួយរូប អ្វីដែលសំខាន់គឺ ទំនុកចិត្ត និងការជឿជាក់ ប្រសិនបើមានអ្វីមួយប៉ះពាល់ដល់ទំនុកចិត្ត នោះអតិថិជន និងបាត់បង់ការជឿទុកចិត្ត ចំពោះលោកអ្នកផងដែរ៕

មតិយោបល់