អចលន​ទ្រព្យ

កំណើននៃការសាងសង់បានជំរុញឲ្យទីក្រុង Hai Phong នៅវៀតណាម ក្លាយជាតំបន់គោលដៅវិនិយោគ

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ខេត្ត Hai Phong បានកត់ត្រាគម្រោងថ្មីចំនួន ២៤ គម្រោងនឹង ២០ គម្រោងផ្សេងទៀត បានចុះបញ្ជីបន្ថែមដើមទុន សរុបចំនួន ៦១៧ លានដុល្លារអាមេរិក​ដែលក្នុងនោះទុនវិនិយោគផ្ទាល់ពីបរទេសមានចំនួន ៥៨៥ លានដុល្លារអាមេរិក។ នេះបើយោងតាមគេហទំព័រ ទីភ្នាក់ងារព័ត៌មានកម្ពុជា។

លោក Le Van Thanh លេខាធិការគណៈកម្មាធិការបក្សប្រចាំទីក្រុង Hai Phong បានបញ្ជាក់អំពីភាពជោគជ័យមួយចំនួននៅទីក្រុងដែលក្នុងនោះរួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ស្ពាន Tan Vu- Lach Huyen ស្ពាន Bach Dang ការពង្រីកផ្លូវជាតិលេខ ១០ និងផ្លូវដឹងជញ្ជូនសំខាន់ៗមួយចំនួន ដែលគ្រោងនឹងសម្ពោធនៅចុងឆ្នាំ ២០១៧ និងដើមឆ្នាំ ២០១៨ខាងមុខនេះ។​

ទីក្រុង Hai Phong បានទាក់ទាញក្រុមហ៊ុនក្នុងស្រុកមួយចំនួន ដូចជា ក្រុមហ៊ុន Vingroup ក្រុមហ៊ុន Sungroup ក្រុមហ៊ុន Xuan Truong ក្រុមហ៊ុន Him Lam និងក្រុមហ៊ុន FLC ដែលបានវិនិយោគក្នុងវិស័យអភិវឌ្ឍន៏ទីក្រុង ទេសចរណ៍ កសិកម្ម ការថែទាំ​សុខភាព ក៏ដូចជាវិស័យអប់រំជាដើម។

គួរបញ្ជាក់ដែរថា ទីក្រុង Hai Phong នៃប្រទេសវៀតណាមបានទាក់ទាញ គម្រោងវិនិយោគពីបរទេសចំនួន ៥០១ គម្រោងដែលមានទឹកប្រាក់ប្រមាណ ១៤.០៣ ពាន់លានដុល្លារអាមេរិកផងដែរ៕

មតិយោបល់