អចលន​ទ្រព្យ

លោក ជា សុផារ៉ា ផ្តាំ ៣ចំណុចធំៗ ទៅអ្នកពាក់ព័ន្ធក្នុងវិស័យសំណង់ទាំងអស់នៅកម្ពុជា

នាឱកាសពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី ៤ នៅព្រឹកនេះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តាំផ្ញើដល់ អ្នកពាក់ព័ន្ធក្នុងវិស័យសំណង់ទាំងឡាយនៅកម្ពុជា នូវចំណុច ៣ធំៗ ដើម្បីចូលរួមលើកកម្ពស់វិស័យសំណង់កម្ពុជា ឲ្យកើនឡើងជាបន្តបន្ទាប់ ពិសេស ត្រូវមានស្តង់ដារសុវត្ថិភាព។

អាស្រ័យហេតុនេះ ស្ថាបត្យករ វិស្វករ អ្នកប្រឹក្សាយោបល់ អ្នកគ្រប់គ្រងសំណង់ អ្នកសាងសង់ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវដឹងថា៖

១.មុននឹងសាងសង់ ត្រូវមានច្បាប់ ដែលច្បាប់នេះ គឺអនុវត្តទៅតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយចូលរួមលើកស្ទួយ វិស័យសំណង់ឲ្យមានការរីកចម្រើន ប្រកបដោយចីរភាព សោភ័ណភាព និងប្រកាន់ខ្ជាប់នូវ អត្តសញ្ញាណជាតិខ្មែរផងដែរ។

២. រាល់ការសាងសង់ ត្រូវធានាសុវត្ថិភាពឲ្យបានល្អ មិនការគំរាមកំហែង មិនបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ អ្នកជិតខាង អ្នកធ្វើដំណើរឆ្លងកាត់ ជាពិសេសភ្ញៀវទេសចរឆ្លងកាត់

៣.សម្អាត និងរៀបចំ រាល់ការដ្ឋានសាងសង់ កុំឲ្យក្លាយទៅជាកន្លែងគរសំរាម ហាមចតគ្រឿងចក្រគ្មានសណ្តាប់ធ្នាប់ បង្កជាការកកស្ទះចរាចរណ៍។

លើសពីនេះទៅទៀត ការដ្ឋានទាំងអស់ ត្រូវធានាសុវត្ថិភាពកម្មករ និងបណ្តុះបណ្តាលបន្ថែម។

គួរជម្រាបថា ក្នុងរយ:ពេល ១០ខែ ដើមឆ្នាំ ២០១៧នេះ ទុនវិនិយោគក្នុងវិស័យសំណង់ សរុបប្រមាណ ៦២៦៧លានដុល្លារអាមេរិក កើនឡើងជាង ២៧ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕

មតិយោបល់