UN: ប្រេសិតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធបានអំពាវនាវឲ្យមានការអត់ធ្មត់ ចំពោះវិបត្តិនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ក្រោយការបាញ់មីស៊ីលផ្លោង ពីសំណាក់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងប្រាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vassily Nebenzi បាននិយាយថា «វាពិតជាចាំបាច់ណាស់ ដើម្បីពិនិត្យមើលការចាត់វិធានការទ្បើងវិញ រួមទាំងការថ្លឹងថ្លែងពីផលវិបាក ចំពោះវិធានការនីមួយៗ ដែលធ្វើឲ្យមានការគំរាមកំហែង និងការបំភិតបំភ័យគ្នាទៅវិញទៅមក ខណៈគោលនយោបាយទាំងនេះ បាននាំឲ្យមានផលវិបាក និងផ្ទុយពីគោលដៅ ដែលចង់បាន»។
លោក Nebenzi បានបន្ថែមថា ក្នុងរយៈពេលជាងពីរខែកន្លងមក អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ហាក់បីដូចជាព្យាយាមធ្វើឲ្យក្រុងព្យុងយ៉ាង អស់ភាពអត់ធ្មត់ចំពោះសកម្មភាពរបស់ពួកគេ ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធយោធា ដោយមិនមានការប្រកាសទុកជាមុន ក៏ដូចជាការដាក់ទណ្ឌកម្មភ្លាមៗ ដោយឯកតោភាគី។
ក្នុងនោះលោកក៏បានអះអាងថា ការប្រទូសរ៉ាយនេះហើយ បានបង្ខំឲ្យកូរ៉េខាងជើងចោទសួរពីភាពស្មោះត្រង់របស់ក្រុងវ៉ាស៊ីនតោន ដែលចង់ស្វែងរកដំណោះស្រាយដោយសន្តិវិធី តែបែរជាមកបង្កការគំរាមកំហែង ដល់ផ្នែកសន្តិសុខរបស់ក្រុងព្យុងយ៉ាងទៅវិញ៕


មតិយោបល់