កាលពីម្សិលមិញនេះ ស្ថានីយ៍អ្នកដំណើរថ្មីមួយ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដោយមានការចូលរួមពីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី។
លោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុន VINCI Concessions បានឲ្យដឹងថា នេះជាជំពូកថ្មីមួយសម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានដាក់ឲ្យប្រើប្រាស់នូវ សាលអ្នកដំណើរមកដល់ និងការពង្រីកសាលសម្រាប់ភ្ញៀវរង់ចាំឡើងយន្តហោះ។
លោកបន្តថា នេះជាការសម្រេចគោលដៅ ២សំខាន់គឺ បង្កើនសមត្ថភាពបដិសណ្ឋារកិច្ចនៃអាកាសយានយន្ត ដើម្បីឆ្លើយតបទៅនឹង កំណើនភ្ញៀវទេសចរកាន់តែច្រើន និងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ឲ្យបានល្អទៅតាមស្តង់ដារអន្តរជាតិ។
សម្រាប់ការងារទាំងអស់នេះ គ្របដណ្តប់លើទីតាំងទំហំជាង ១ម៉ឺនម៉ែត្រក្រឡា និងចំណាយទឹកប្រាក់ប្រមាណ ២៦លានដុល្លារអាមេរិក។
ក្រៅពីនេះ ក៏មានកន្លែងយកឥវ៉ាន់ថ្មីចំនួន ២ ហាងលក់ទំនិញថ្មីៗចំនួន ៦ កន្លែងស្រស់ស្រូបអាហារក្នុងស្រុក និងអន្តរជាតិ ១១កន្លែង និង ការិយាល័យទេសចរណ៍។
នេះជាសមិទ្ឋផលថ្មីមួយទៀត នៃការរីកចម្រើន និងការអភិវឌ្ឍវិស័យអាកាសចរស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា ខណៈអាកាសយានដ្ឋានអន្តជាតិទាំង ៣ (ភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ) បានរួមចំណែកដល់ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាប្រមាណ ១៧ភាគរយ ពោលគឺ ស្មើនឹងថវិកាប្រមាណ ២.៧ពាន់លាន និងបង្កើតការងារសម្រាប់ពលរដ្ឋកម្ពុជា ១.៧លាននាក់៕
មតិយោបល់