អចលន​ទ្រព្យ

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន គ្រោងបើកសម្ពោធនៅដើមឆ្នាំនេះ

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ដែលកសាងឡើងដោយធនាគារជាតិនៃកម្ពុជា គ្រោងនឹងដាក់សម្ពោធបើកដំណើរការជាផ្លូវការ នាដើមឆ្នាំ ២០១៨នេះ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានកសាង និងគ្រោងសម្ពោធបើកដំណើរការជាផ្លូវការ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ នាដើមឆ្នាំ២០១៨នេះ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការរៀបចំសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ គឺដើម្បីចងក្រងប្រវត្តិនៃ ការវិវត្តរីកចម្រើនប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងតួនាទីធនាគារកណ្តាល និងរូបិយវត្ថុ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ចាប់តាំងពីសម័យមុនអង្គរ រហូតដល់បច្ចុប្បន្ន។

កាលពីខែមីនា ឆ្នាំ ២០១៧ ធនាគារជាតិនៃកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្ប: នឹងធ្វើការផ្ទេរបុរាណវត្ថុ និងវត្ថុសិល្ប:មួយចំនួនរួមមាន កាស ប្រាក់ ផ្លែពន្លាក ដុំលោហ: ដែកទាមថ្មប្រាសាទ កំសៀវទឹកប្រើប្រាស់ក្នុងសម័យបុរាណ ពី​ សារមន្ទីរជាតិកម្ពុជា ទៅកាន់ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន។

គួរជម្រាបថា អគារសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ័្មន មានទីតាំងស្ថិតនៅ ផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

រូបភាពពី ហ្វេសប៊ុកធនាគារជាតិនៃកម្ពុជា

មតិយោបល់