ឯកឧត្ដម Chen Wu អភិបាលតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងមានការចុះហត្ថលេខាលើអនុស្សរណៈយោគយលគ្នាលើ ការកសាងកំពង់ផែថ្មីមួយ នៅក្នុងខេត្តកំពតផងដែរ។
ឯកឧត្ដមអភិបាលតំបន់សយ័តក្វាងស៊ី ក៏បានជម្រាបជូនសម្ដេចតេជោផងដែរអំពី កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងខេត្តក្វាងស៊ី និងព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក ដោយអនុវត្តន៍តាមសេចក្ដីសម្រេច និងការព្រមព្រៀងគ្នារវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាមួយនិងឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជិនពីន ពាក់ព័ន្ធនឹងការបង្កើតសហគមន៍វាសនាចិន អាស៊ាន គឺខេត្តក្វាងស៊ីបានជំរុញវិនិយោគ និងគាំទ្រអ្នកវិនិយោគចិនឱ្យមកវិនិយោគនៅកម្ពុជា ទាំងលើវិស័យផ្សព្វផ្សាយព័ត៌មាន រោងចក្រកែច្នៃអង្ករ បច្ចេកវិទ្យា ៕ល។
ចំពោះវិស័យទេសចរណ៍ ឥឡូវនេះបានជំរុញការហោះហើរត្រង់ពីខេត្តក្វាងស៊ី មកកាន់ទីក្រុងភ្នំពេញ នឹងជាបន្តទៀតនឹងមានការហោះហើរត្រង់ពីខេត្តក្វាងស៊ី ទៅកាន់ទីក្រុងសៀមរាបផងដែរ។
ជាការឆ្លើយតប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន គឺកំពុងឈានដល់កម្រិតខ្ពស់មួយ ហើយក៏មានភាពរឹងមាំ ផងដែរ។
ពាក់ព័ន្ធនឹងការចូលរួមអភិវឌ្ឍន៍កំពង់ផែនៅ ខេត្តកំពតនោះ សម្ដេចតេជោបានមានប្រសាសន៍ថា កំពង់ផែនេះ គឺមានសារៈសំខាន់ណាស់ ហើយអាចជារបៀងមួយទៀត ដែលស្របតាមយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយរបស់ចិន ដោយហេតុថា នៅពេលខាងមុខនេះ នឹងមានការពង្រីកផ្លូវជាតិលេខ៣ ពីភ្នំពេញទៅកាន់ ខេត្តកំពត ដែលនៅតាមសងខាងផ្លូវជាតិនោះ ក៏មានរោងចក្រវារីអគ្គិសនីផងដែរ ដែលនេះជាអំណោយផល នៅក្នុងការធ្វើជាច្រករបៀងសេដ្ឋកិច្ចមួយបន្ថែមទៀត។
គួររម្លឹកថា ខេត្តកំពត នឹងមានកំពង់ផែទេសចរណ៍ និងក្រុងកំពតថ្មី តម្លៃជាង ១៨លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩ខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
ប្លង់ និងការរចនានៃគម្រោងនេះ ត្រូវបានសិក្សារួចរាល់ហើយ នឹងកំពុងដំណើរការលើ ការវាយតម្លៃ និងសាងសង់ ក្រោមកម្ចីឥណទានពី ធនាគារអភិវឌ្ឍន៍អាស៊ី។
ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បានចាប់ផ្តើមសិក្សានូវគម្រោងបង្កើតកំពង់ផែទេសចរណ៍ និងក្រុងកំពតថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា ឲ្យបានប្រមាណ ១លាននាក់ ជារៀងរាល់ឆ្នាំ។
គម្រោងអភិវឌ្ឍន៍នេះ គឺទទួលបានកម្ចីឥណទានពី ធនាគារអភិវឌ្ឍន៍អាស៊ី ហើយនឹងរៀបចំតាមលក្ខណៈស្តង់ដារអន្តរជាតិ ដោយមានរៀបចំជាប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត ភ្លើង ប្រព័ន្ធការពារបរិស្ថានជាដើម។
កំពង់ផែនេះ ក៏នឹងមានសេវានាំភ្ញៀវធ្វើដំណើរតាមទូក កាណូត ទៅកម្សាន្តនៅតាម កោះតំបន់សមុទ្រភាគខាងត្បូង និងជាចំណតរបស់ភ្ញៀវទេសចរ ទៅកាន់ប្រទេសផ្សេងៗផងដែរ។
ក្រៅពីនេះ ក៏មានការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ តាមខេត្តជាប់ឆ្នេរសមុទ្រចំនួន ៤ផងដែរ គឺ កោះកុង កំពត ព្រះសីហនុ និងកែប។
គួរជម្រាបដែរថា គម្រោងនេះ ស្ថិតនៅតាមបណ្តោយព្រែកកំពង់បាយ ខាងត្បូងក្រុងកំពតបច្ចុប្បន្ន ប្រមាណជាង ៦គីឡូម៉ែត្រ ហើយវាជាចំណុចកណ្តាលនៃតំបន់ទេសចរណ៍ ដោយជិតភ្នំបូកគោ ជិតក្រុងកែប ជិតក្រុងកំពត និងក្បែរប្រទេសថៃ វៀតណាមទៀតផង៕
មតិយោបល់