អចលន​ទ្រព្យ

អគារភ្លោះកម្ពស់កប់ពពក ១៣៣ជាន់ នឹងចាប់ផ្តើមសាងសង់ នៅពេលឆាប់ៗខាងមុខ

គម្រោងសាងសង់អគារភ្លោះកម្ពស់ ១៣៣​ជាន់ ឬមានឈ្មោះថា អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង នឹងបង្ហាញវត្តមាន នៅពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានលើកឡើងនៅព្រឹកនេះ។

សម្តេចតេជោ បានឲ្យដឹងថា គម្រោងនេះ នឹងចាប់ផ្តើមសាងសង់ នៅពេលខាងមុខនេះ យ៉ាងណាមិញ កម្ពុជា ត្រូវការអ្នកបច្ចេកទេសបរទេស ដែលមានជំនាញច្បាស់លាស់ និងដឹងពីចំណុចគន្លឹះ ខណៈធនធានមនុស្សកម្ពុជា នឹងចូលរួមចំណែកដូចគ្នា តែនៅផ្នែកផ្សេង។

លោក ទួស សាភឿន អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានឲ្យ Post Real Estate ដឹងថា អគារនេះ គ្រោងសាងសង់កាលពីឆ្នាំ ២០១៧ ត្រូវបានពន្យារពេលដោយសារ មានការកែលម្អប្លង់ និងត្រួតពិនិត្យបច្ចេកទេសឡើងវិញ។

យ៉ាងណាមិញ ទាំងថវិកា ទំាងផ្លូវច្បាប់ គឺត្រៀមរួចរាល់ជាស្រេច សម្រាប់ចាប់ផ្តើមគម្រោងនេះ រង់ចាំតែការកែលម្អប្លង់ ការត្រួតពិនិត្យបច្ចេកទេស និងសេចក្តីសម្រេចពីក្រុមការងារពាក់ព័ន្ធទាំងអស់។

អគារខ្ពស់កប់ពពកនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ថៃ​ ប៊ុនរ៉ុង និងក្រុមហ៊ុនសហវិនិយោគចិនក្រោមទុន ប្រមាណជា ៣ពាន់លានដុល្លារអាមេរិក ហើយចំណាយពេលសាងសង់ប្រមាណ ៥ឆ្នាំ។

អគារខ្ពស់កប់ពពកនេះ មានកម្ពស់ប្រមាណជា ៥០០ម៉ែត្រ ដែលនឹងជំនួសសួនកំសាន្តឌ្រីម លែនឌ៏ បានទទួលការអនុម័តយល់ព្រមពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ កាលពីខែកុម្ភៈកន្លងទៅនេះ ហើយត្រូវបានរំពឹងថា នឹងក្លាយជាអគារខ្នាតយក្សក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានចាប់ដៃគូសហការជាមួយ ក្រុមហ៊ុនសាងសង់ចិន ចំនួន ២ ដើម្បីធ្វើការសាងសង់អគារនេះ លើផ្ទៃដី ៥ហិកតា អាចផ្ទុករថយន្តបាន ៥ពាន់គ្រឿង ជាពិសេសគឺមាន សណ្ឋាគារលំដាប់ផ្កាយ ៥ ចាប់ពីជាន់ទី ១០១ ដល់ជាន់ទី ១៣២៕

ចាប់ពីជាន់ទី ១ ដល់ជាន់ទី ១៣៣ នៃអគារភ្លោះខ្ពស់បំផុតនៅកម្ពុជា មានមុខងារអ្វីខ្លះ?

មតិយោបល់