អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង កម្ពស់ ១៣៣ជាន់ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី ១ ខែសីហា ខាងមុខនេះ។
អគារខ្ពស់កប់ពពកនេះ មានកម្ពស់ប្រមាណជា ៥០០ម៉ែត្រ ដែលនឹងជំនួសសួនកំសាន្តឌ្រីម លែនឌ៏ បានទទួលការអនុម័តយល់ព្រមពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ កាលពីខែកុម្ភៈកន្លងទៅនេះ ហើយត្រូវបានរំពឹងថា នឹងក្លាយជាអគារខ្នាតយក្សក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាន់នីមួយៗនៃអគារ សុទ្ធតែមានមុខងារសំខាន់ៗ ដូចជា៖
ជាន់ទី ១ ដល់ទី ៤A មានហាងលក់ទំនិញ រចនាបទបែបវិហារអឺរ៉ុប។
ជាន់៥ ដល់ទី ១០ មានមជ្ឈមណ្ឌលលក់ទំនិញផ្សេងៗទៀត រួមមានហាងអាហារ ទីកន្លែងកម្សាន្ត និងទីធ្លាសិល្បៈ ហាងយីហោល្បីៗ ក្លឹបផ្កាយ៦។
ជាន់ទី ១១ មានរានហាល សួនច្បារ អាងហែលទឹក ទីធ្លាសម្រាកលំហែ និងក្លឹប។
ខាងលើជាន់ទី ១២ មានជ្រុងអគារទាំង ៤ មាន ៥៥ជាន់ ជាលំនៅដ្ឋានដ៏ល្អប្រណិត។
ជាន់ទី ១២ ដល់ទី ២១ ទុកសម្រាប់ធ្វើជា មជ្ឈមណ្ឌលពាណិជ្ជកម្ម នឹងការទិញលក់ភាគហ៊ុន ការិយាល័យកណ្តាលអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន មជ្ឈមណ្ឌលសេវាកម្មកិច្ចការរដ្ឋាភិបាលតាមប្រព័ន្ធអេឡិចត្រូនិក សួនបណ្តាញឧស្សាហកម្មសេដ្ឋកិច្ចសម្រាប់យុវជន សាលប្រជុំធំៗលក្ខណៈអន្តរជាតិ កន្លែងរៀបចំអាពាហ៍ពិពាហ៍ (ទទួលភ្ញៀវពី ១០០០ ដល់ ៣០០០នាក់)។ល។
ជាន់ទី ២៣ ដល់ជាន់ទី ៦០ មានការិយាល័យ 5A ក្នុងនោះជាន់ទី ៥៧ ដល់ទី ៥៩ មានក្លឹបអាកាស ទីតាំងលម្ហែ។
ជាន់ទី ៦១ ដល់ទី ១០០ មានអាផាតមិន ក្នុងនោះ ជាន់ទី ៩៧ ដល់ទី ៩៩ មានផ្ទះក្លឹប ការផ្តល់សេវាកម្មដល់ជនលំដាប់ខ្ពស់។
ជាន់ទី ១០១ ដល់ទី ១០៥ មានភោជនីយដ្ឋាន ក្លឹបកម្សាន្ត បន្ទប់ប្រជុំ បណ្ណាល័យ
ជាន់ទី ១០៦ ដល់ទី ១១៥ ជាបន្ទប់សណ្ឋាគារផ្កាយ៥
ជាន់ទី ១១៦ ដល់ទី ១៣១ បន្ទប់សណ្ឋាគារស្តង់ដាពិសេស និងប្រធានាធិបតី ហើយជាន់ទី ១៣២ ក្លឹជាបលើអាកាស។
រីឯ ជាន់ទី ១៣៣ គឺសម្រាប់មើលទេសភាពលើលំហរ ដោយលោកអ្នកអាចប្រើជណ្តើរយន្តល្បឿនលឿន ដើម្បីឡើងទៅទស្សនាសម្រស់ដ៏ស្រស់ថ្លា និងទេសភាពនាពេលរាត្រីនៃរាជធានីភ្នំពេញ ហើយអាចចតឧទ្ធម្ភាគចក្របាន សម្រាប់ឲ្យជនកំពូលអាចចេញចូលបានកាន់តែងាយស្រួល។
ជាចុងក្រោយគឺ ជាន់ក្រោមដី មាន ៣ជាន់ អាចចតយានយន្តបាន ៥ពាន់គ្រឿង។
គួរជម្រាបដែរថា គម្រោងសាងសង់អគារភ្លោះនេះ គ្រោងនឹងចំណាយប្រមាណ ៣ពាន់លានដុល្លារអាមេរិក និងរយៈពេល ៥ឆ្នាំ៕
មតិយោបល់