អចលន​ទ្រព្យ

ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោយពេលបោះឆ្នោត

លោក Zou Yuhui អគ្គនាយករងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលទទួលខុសត្រូវលើការរៀបចំប្លង់គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិថ្មី នៅខេត្តសៀមរាបបានឱ្យដឹងថា តាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន បាន ចុះហត្ថលេខាព្រមព្រៀងគ្នា ក្នុងការបង្កើននូវអាកាសយានដ្ឋានមួយដ៏ធំនៅ ខេត្តសៀមរាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាយ៉ែក ស្រុកសូទ្រនិគម នៅលើផ្ទៃដី ១៧០០ហិកតា ដែលគ្រោង នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ បន្ទាប់ពីការបោះឆ្នោតរួច។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ លោក Zou Yuhui បានបញ្ជាក់ថា ក្នុងផ្ទៃដី សម្រាប់ធ្វើការសាងសង់ព្រលានយន្តហោះនេះ គឺមាន៧០០ហិកតា និងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១.០០០ហិកតា ហើយមកដល់ពេលនេះក្រុមហ៊ុន របស់លោកបាន កំពុងធ្វើការរៀបចំ និងកសាងផែនការមេ ព្រមទាំងបានធ្វើប្រឡាយកំណត់ព្រំដី និងធ្វើផ្លូវចូល ទៅក្នុងការដ្ឋានទៀតផង។

លោកបានបន្តថា ការសាងសង់អាកាសយានដ្ឋានថ្មីនេះ ជាហេដ្ឋារចនាសម្ព័ន្ធ មួយដ៏សំខាន់នៅពេលអនាគតព្រមទាំងបានលើកស្ទួយ និងបង្កើន សមត្ថភាព លើវិស័យអាកាសចរណ៍ទៀតផង។

ទន្ទឹមនេះ វាក៏បានជួយដល់ គោលការណ៍អភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តសៀមរាប ឱ្យកាន់តែមានសក្តានុពលបន្ថែមទៀត និងបានផ្តល់សារ:សំខាន់ និងផលប្រយោជន៍ជាច្រើន ដល់ប្រពលរដ្ឋដែលរស់នៅក្នុងតំបន់ក៏ដូចនៅក្នុងខេត្តសៀមរាបផងដែរ។

លោកក៏បានលើកឡើងទៀតថា ក្រោយពេលប្រទេសកម្ពុជា ធ្វើការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦នេះចប់រួចរាល់ ក្រុមហ៊ុន នឹងធ្វើពិធីបើកការដ្ឋាន សាងសង់អាកាសយាន្តដ្ឋានថ្មីនេះជាផ្លូវការ ដែលមានរយ:ពេលសាងសង់ចាប់ពី ៣ឆ្នាំ ទៅ៥ឆ្នាំ ទើបចប់រួចរាល់ ហើយគ្រោងនឹងចំណាយថវិកាប្រមាណ ៩០០លានដុល្លារអាម៉េរិក។

លោកបានសំណូមពរដល់អាជ្ញាធរខេត្តសៀមរាបសូមកុំឱ្យមានការសាងសង់លំនៅឋានខ្ពស់ៗ កម្ពស់បង្គោលភ្លើង ព្រមទាំងសុំគម្រោងផែនការមេលើកិច្ចអភិវឌ្ឍន៍ខេត្ត ក្នុងការធានាដល់ សុវត្ថិភាពដល់ព្រលានយន្តហោះ។

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា អាជ្ញាធរ ខេត្តសាទរពីកិច្ចចាប់ដំណើរការ សាងសង់អាកាសយានដ្ឋានថ្មីដ៏ធំ នៅលើទឹកដី ខេត្តសៀមរាប ដែលជាគោលដៅនៃការអភិវឌ្ឍលើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ហើយត្រូវបានរដ្ឋាភិបាល នៃប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងនឹងគ្នានាពេលកន្លងមក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗកន្លងទៅដែរថា ខេត្តសៀមរាប ត្រូវការព្រលានយន្តហោះថ្មី ដើម្បីអាចទទួលយន្តហោះធុនធំ ស្របតាមតម្រូវការកើនឡើងនៃ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់ ព្រះរាជាណាចក្រកម្ពុជា។

ការពង្រីកបន្ថែម ក៏ដូចជាការបន្ថែមព្រលានយន្តហោះថ្មី គឺដើម្បីឆ្លើយតបទៅនឹង តម្រូវការចាំបាច់នៃ ការអភិវឌ្ឍន៍លើ វិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ ព្រមទាំងការទាក់ទាញភ្ញៀវទេសចរឲ្យបាន ៧លាននាក់ ត្រឹមឆ្នាំ ២០២០។

អាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប នឹងអាចឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺជម្រុញឲ្យមានការហោះហើរត្រង់មកកម្ពុជា មកទស្សនាប្រាសាទអង្គរវត្តដ៏ទាក់ទាញបំផុត។

លើសពីនេះទៅទៀត ការសាងសង់ព្រលានយន្តហោះថ្មី ចម្ងាយឆ្ងាយពីតំបន់ប្រាសាទ គឺអាចការពារផលប៉ះពាល់ដោយសម្ពាធសំឡេង ដែលអាចប៉ះពាល់ដល់ប្រាសាទនានាផងដែរ។

យ៉ាងណាមិញ ប្រមុខរាជរដ្ឋាភិបាល នឹងសម្រេចជ្រើសរើសប្លង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នៅពេលឆាប់ៗខាងមុខ។

 

 

មតិយោបល់