លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម យូ មីយីនស៊ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសមីយ៉ាន់ម៉ា ប្រចាំប្រទេសកម្ពុជា បានអញ្ជើញចូលរួម សម្ពោធដាក់ឱ្យដំណើរការ សណ្ឋាគារ Gobo East Entertainment ដែលមានទីតាំងក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ។
លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីដែល ក្រុមហ៊ុនសម្រេចចិត្តវិនិយោគនៅ ខេត្តព្រះសីហនុលើអាជីវកម្មសណ្ឋាគារ និងកាស៊ីណូ ជាអាជីវកម្មស្របច្បាប់មួយ ដែលរាជរដ្ឋាភិបាលអនុញ្ញាត ដើម្បីជំរុញឱ្យវិស័យទេសចរណ៍ បរទេសមកស្នាក់នៅ និងកម្សាន្ត ដើម្បីបម្រើដល់វិស័យសេវាកម្មកម្សាន្ត និងទេសចរណ៍ ផ្ដល់ការងារជូនប្រជាពលរដ្ឋ និងចូលរួម ចំណែកអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រដល់ ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុផងដែរ។
សណ្ឋាគារ និងកាស៊ីណូដ៏ល្អប្រណីតកម្ពស់ ៥ជាន់ ស្មើ ១២៣បន្ទប់ បំពាក់គ្រឿងសង្ហារឹម និងឧបករណ៍ទំនើបៗ វិនិយោគទឹកប្រាក់ ១៣លានដុល្លារ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះសីហនុ ជាខេត្តភាគនីរតី នៃប្រទេសកម្ពុជា ដែលមានសក្តានុពលផ្នែកឧស្សាហកម្ម ទេសចរណ៍ ។
លោកជំទាវបានលើកឡើងថា ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ នៅមានការប្រឈមដូចជា កង្វះធនធានមនុស្ស ខ្វះរមណីយដ្ឋានកម្សាន្ត ហេដ្ឋារចនាសម្ព័ន្ធ នៅទន់ខ្សោយ និងកង្វះការផ្សព្វផ្សាយជាដើម។
ប៉ុន្ដែការសម្រេចចិត្តបើកសណ្ឋាគារ និង កាស៊ីណូនាពេលនេះ ជាជម្រើសដ៏ល្អ ព្រោះនេះគឺជាជាទីតាំងយុទ្ធសាស្ត្រ ជាប់មាត់សមុទ្រ ដែលមានធម្មជាតិស្រស់ស្អាត មានកំពង់ផែអន្តរជាតិ និងអាកាសយាន្តដ្ឋានអន្តរជាតិ មានសក្កានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា៕
មតិយោបល់