អចលន​ទ្រព្យ

ស្ពានអាកាស និងផ្លូវក្រោមដីចំណុចរង្វង់មូលចោមចៅ នឹងបើកការដ្ឋានមុនចូលឆ្នាំខ្មែរ

ស្ពានអាកាស និងផ្លូវក្រោមដីចំណុចរង្វង់មូលចោមចៅ នឹងបើកការដ្ឋាន មុនចូលឆ្នាំខ្មែរ ដែលនេះគឺជាសមិទ្ធផលថ្មី ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន រហូតដល់ជាង ៣លាននាក់ ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ក្នុងទីក្រុងភ្នំពេញ។

លោក ម៉េត មាសភក្តី បានលើកឡើងថា ការបើកការដ្ឋានសាង់សង់ផ្លូវអាកាស និងស្ពានក្រោមដី នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរនេះ ដោយមើលឃើញថា ក្នុងពេលបច្ចុប្បន្ន ស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅចំណុចរង្វង់មូលចោមចៅ មានការកកស្ទះចរាចរច្រើន ហើយចរាចរណ៍នៅផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវចោមចៅ និងមហាវិថីសហព័ន្ធរុស្ស៊ី ចេញចូលមករាជធានីភ្នំពេញ មានការកកស្ទះច្រើន។

លោកបានបន្ដថា សម្រាប់ថ្ងៃអនាគត តំបន់ចោមចៅនេះ បើសិនជាមិនមានការគិតគូរក្នុងលទ្ធភាព ដោះស្រាយបញ្ហាចរាចរណ៍ គឺរឹតតែមានការកកស្ទះច្រើនជាងពេលបច្ចុប្បន្ននេះថែមទៀត។

លោកបានអះអាងថា ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា បានឯកភាពទៅលើជម្រើសក្នុងការពិចារណា ពីខាងដើមដែលមានចំនួន ៧គម្រោង ដោយបានឯកភាពយកជម្រើសមួយចុងក្រោយ ដែលក្នុងជម្រើសនោះមានផលប៉ះពាល់តិចតួចបំផុត ក្នុងជម្រើសផ្សេងៗ ហើយអាចកាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្នុងតំបន់ចោមចៅបាន។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៤ គឺស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសផ្សារដីហុយ កំពុងសាងសង់៕

មតិយោបល់