ព័ត៌មានជាតិ

បើកស្រវឹងសូមកុំបើកបរ! ជិះម៉ូតូលឿនពេក ទៅបុករថយន្ត ស្លាប់ និងរបួស ២នាក់

ភ្នំពេញ: បុរស២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ក្នុងល្បឿនយ៉ាងលឿន មកដល់ផ្លូវបំបែកជាបួន បានបុកជាមួយរថយន្តមិនចាំម៉ាកមួយគ្រឿង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៌នេះ កើតឡើងកាលពីវេលាម៉ោង១ និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែកុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧០ កែងផ្លូវ ៥១ សង្កាត់ បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមានបុរស២នាក់ បានជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BV-2724 ស៊េរីឆ្នាំ២០១៣ ទើបនឹងចេញពីផ្ទះបងប្អូន ដោយមានហូបជាតិស្រវឹងបន្តិច នៅពេលចេញមកផ្ទះបានជិះក្នុងល្បឿនលឿន ស្រាប់តែជិះដល់ផ្លូវបែកជាបួន ក៏ជ្រុលទៅបុករថយន្តស៊ីណាមួយគ្រឿង ពណ៌សមិនចាំស្លាកលេខ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល រីឯរថយន្តបានបើកគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សាច់ញ្ញាតិក៏បានមកដល់ រីឯសមត្ថកិច្ចក៏ធ្វើការវាស់វែង រួមទាំងធ្វើកំណត់ហេតុ រួចក៏ប្រគល់សាកសពឲ្យទៅគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់