នៅពេលនេះ ស្ពានដែកបេឡេបណ្តោះអាសន្ន តម្លៃជាង ១០លានដុល្លារអាមេរិក សាងសង់សម្រេចបាន ៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅ ក្នុងខែមេសា មុនពេលបុណ្យចូលឆ្នាំមកដល់ នាពេលខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
ក្នុងខណៈពេលនេះ ការដ្ឋានបាននិងកំពុងស្ទូចតម្លើងគ្រោងដែកតួស្ពាន និងកម្រាលស្ពានឆ្លងកាត់ទន្លេសាប។
ក្រុមការងារការដ្ឋាន សូមស្នើដល់ម្ចាស់ជលយានយន្តដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាន សូមមេត្តាបើកបរជលយានយន្តបន្ថយល្បឿនអោយបានយឺតបំផុត ដើម្បីកាត់បន្ថយទឹករលក និងយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពការដ្ឋាន។
ស្ពានដែកបេឡេបណ្តោះអាសន្ននេះ ប្រើពេលសាងសង់ ៦ខែ មានទំហំទទឹង ១២ម៉ែត្រ និងបណ្តោយ ៥០៦ម៉ែត្រ ឆ្លងកាត់ទន្លេសាប ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ ក្រុមហ៊ុន OCIC។ នេះបើយោងតាមគេហទំព័ររបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ។
គន្លងធ្វើចរាចរណ៍ មានចំនួន ២ខ្សែទៅ ២ខ្សែមក មានទ្រូងផ្លូវទទឹង ១០ម៉ែត្រ ហើយកំណត់ល្បឿនសុវត្ថិភាពត្រឹម ៣០គីឡូម៉ែត្រ ក្នុង១ម៉ោង។
ស្ពាននេះ ស្ថិតនៅចម្ងាយ ២២ម៉ែត្រ ពីគម្រោងស្ពានជ្រោយចង្វារថ្មី ដែលតភ្ជាប់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចឫស្សីកែវ ទៅផ្លូវជាតិលេខ ៦អា ត្រង់តំបន់ជ្រោយចង្វារ។
ស្ពានជ្រោយចង្វារថ្មីនេះ ជាប្រភេទស្ពានបេតុងអារមេខ្សែកាប មានប្រវែងសរុប ៩២២ម៉ែត្រ ទទឹង ២០.៥ម៉ែត្រ។
បន្ទាប់ពីបញ្ចប់ការជួសជុលស្ពានជ្រោយចង្វារចាស់រួច ស្ពានដែកបេឡេនេះ នឹងត្រូវរុះរើចេញវិញ ក្រោយពេលស្ពានបេតុងថ្មី បានសាងសង់រួចរាល់ជាស្ថាពរ។
ដោយទីក្រុងភ្នំពេញ ស្ថិតចំចំណុចប្រសព្វនៃទន្លេចតុមុខ ទីតាំងដែលល្អសម្រាប់ការរស់នៅគឺ តំបន់ទាំង ៤ ដែលស្ថិតនៅជាប់ទន្លេ រួមមាន ទីក្រុងភ្នំពេញ តំបន់ជ្រោយចង្វារ តំបន់អរិយក្សត្រ និងតំបន់ច្បារអំពៅ។
គម្រោងសាងសង់ស្ពាននេះ អាចនឹងឆ្ពោះចំ តំបន់ឃ្លាំងសាំងសូគីម៉ិច ហើយសាលារាជធានីភ្នំពេញ គ្រោងបន្ថែមផ្លូវ ១ខ្សែទៀត បាញ់ទៅផ្លូវទំនប់ទួលគោក៕
មតិយោបល់