អចលន​ទ្រព្យ

ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា គ្រោងរំលេចខ្លួន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី

គម្រោងអគារពហុមុខងារ ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា គ្រោងរំលេចខ្លួន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្រោមការបណ្តាក់ទុនសាងសង់របស់ ក្រុមហ៊ុន Prince Real Estate Group ដែលបានប្រកាសឲ្យដឹងតាមរយៈ គេហទំព័រហ្វេសប៊ុករបស់ខ្លួន។

ក្រុមហ៊ុន គ្រោងនឹងបណ្តាក់ទុនសាងសង់ អគារពហុមុខងារមួយនេះ លើផ្ទៃដី ២.៨ហិកតា និងមានផ្ទៃក្រឡាសំណង់សរុបជាង ២០ម៉ឺនម៉ែត្រការ៉េ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។

គម្រោងអគារនេះ នឹងក្លាយជាបណ្តុំនូវសេវាកម្មធុរកិច្ច អគារស្នាក់នៅ ការទិញទំនិញ និងលំហែកាយ និងជាមជ្ឈមណ្ឌលទីក្រុងអន្តរជាតិច្រកចេញចូលតែមួយ។

គួររម្លឹកថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Prince Real Estate Group ក៏បានប្រកាសនូវគម្រោងធំៗចំនួន នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។

នៅរាជធានីភ្នំពេញ គឺមានគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មព្រីនស៍ (Prince CBD) ដំបូងគេនៅចំកណ្តាលក្រុង ក្នុងតំបន់ចំការមន មានផ្ទៃក្រឡាសរុបដល់ រាប់លានម៉ែត្រការ៉េ ហើយវិនិយោគទុនដោយប្រមូលផ្តុំនូវធនធានគ្រប់តំបន់នៅលើពិភពលោក។

ក្រុមហ៊ុន ក៏មានគម្រោង ព្រីនស៍ ខូលីណាន បេ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងព្រះសីហនុ ដែលមានផ្ទៃសំណង់សរុបជាង ១៦ម៉ឺនម៉ែត្រការ៉េ គឺជាគម្រោងអគារពហុមុខងារខ្នាតធំ តាមបណ្តោយឆ្នេរសមុទ្រ ដែលបណ្តុំទៅដោយសណ្ឋាគារលំដាប់ផ្កាយ៥ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម ផ្សារទំនើប អាហារដ្ឋាន និងកន្លែងសម្រាកលំហែកាយ។

ក្រៅពីនោះ ក៏មានគម្រោងសណ្ឋាគារ ព្រីនស៍ ថាម ហូថេល គឺជាសណ្ឋាគារលំដាប់ផ្កាយ៥ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្បែរឆ្នេរសមុទ្រដ៏ស្រស់ស្អាត បំពាក់នូវសេវាគ្រប់គ្រងសណ្ឋាគារថ្នាក់ខ្ពស់បំផុតលំដាប់អន្តរជាតិ នឹងដាក់ដំណើរការអាជីវកម្មនៅឆ្នាំ ២០១៨នេះ៕

មតិយោបល់