អចលន​ទ្រព្យ

រថភ្លើងដំបូងបង្អស់ បានបើកចូលទៅកាន់ស្ថានីយ៍ថ្មី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៨ ជាថ្ងៃប្រវត្តិសាស្រ្តថ្មី ដែលរថភ្លើងដំបូងបង្អស់ បានបើកចូលទៅកាន់ស្ថានីយ៍ដែលទើបសាងសង់ថ្មី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្លូវដែកឆ្លងកាត់តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនេះមានប្រវែងប្រមាណ ១៦០០ម តភ្ជាប់ពីផ្លូវដែកស្ថានីយ៍អាយស្ម័យានភ្នំពេញ ដែលមានស្រាប់ មកកាន់ស្ថានីយ៍ថ្មី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ជាមួយនឹងការដឹកជញ្ជូនថ្មីក្នុងរាជធានីភ្នំពេញនេះ នឹងជួយសម្រួលដល់ អ្នកដំណើរ ទៅព្រលានយន្តហោះ មិនមានការព្រួយបារម្ភបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយ។

លោក ស៊ុន​ ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន​បានឲ្យដឹងថា ខ្សែរថភ្លើងនេះ នឹងផ្លូវរថភ្លើងបង្កប់ក្នុងផ្លូវថ្នល់ និងសាងសង់នៅលើផ្លូវដែលមានស្រាប់​ មិនមានរុះរើលំនៅដ្ឋានទេ ហើយរថភ្លើងនឹងឆ្លងកាត់ឆាប់ណាស់ មិនធ្វើឲ្យកកស្ទះចរាចរណ៍ទេ ព្រមទាំងធានាសុវត្ថិភាពទៀតផង។

ផ្លូវដែកដែលកំពុងសាងសង់នេះមានប្រវែងប្រមាណ ១៦០០ម តភ្ជាប់ពីផ្លូវដែកដែលមានស្រាប់ មកកាន់ស្ថានីយ៍កំពុងរៀបចំថ្មី នៅអាកាសយានដ្ឋាន បច្ចុប្បន្នសម្រេចបានប្រមាណ ១៣០០ម គិតចាប់ពីដើមខែមករា ឆ្នាំ២០១៨ ខណៈដែលស្ថានីយ៍ថ្មីនៅក្នុងអាកាសយានដ្ឋាន កំពុងដំណើរការសាងសង់ ដើម្បីដាក់អោយដំណើរការ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមការគ្រោងទុក។

ក្រៅពីនេះក្រសួង ក៏នឹងសិក្សាលទ្ធភាពស្នើការសហការពី លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអនុញ្ញាតអោយ មានការកត់ត្រាចូល (Check in) ឥវ៉ាន់របស់អ្នកដំណើរតាមយន្តហោះ ពីស្ថានីយ៍រថភ្លើងភ្នំពេញ ដើម្បី ដឹកជញ្ជូនឥវ៉ាន់តាមរថភ្លើង ដាក់ចូលក្នុងយន្តហោះតែម្តង។

រថភ្លើង ៣គ្រឿង អាចនឹងរត់ពីក្រុងភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញ ដែលអាចផ្ទុកអ្នកដំណើរប្រមាណជា ១០០នាក់​ក្នុងមួយគ្រឿង ហើយអ្នកដំណើរអាចជិះដោយឥតគិតថ្លៃ ក្នុង៣ខែដំបូង បន្ទាប់ពីការបើកដំណើរការជាផ្លូវការ។

ផ្លូវរថភ្លើងធនស្រាលថ្មី តភ្ជាប់ពីស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងដាក់ឲ្យដំណើរការជាផ្លូវការ នៅខែមេសា ឆ្នាំ ២០១៨ខាងមុខនេះ ឲ្យបានមុនបុណ្យចូលឆ្នាំខ្មែរមកដល់ ដោយអ្នកដំណើរចំណាយពេលប្រមាណ​ ២៥នាទីប៉ុណ្ណោះ។

រថភ្លើងធនស្រាលមុខ ២ ចំនួន ៣គ្រឿង កំពុងត្រូវបានសាងសង់ឡើង ដើម្បីត្រៀមខ្លួនរត់ពី កណ្តាលក្រុងភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលគ្រោងនឹងបើកដំណើរការ មុនបុណ្យចូលឆ្នាំខ្មែរមកដល់។

រថភ្លើងនេះ អាចរត់ភ្ជាប់គ្នាម្តងទាំង ៣ ឬអាចរត់ដាច់ដោយឡែកពីគ្នាក៏បាន ហើយអាចរត់ក្នុងទិសដៅ ទាំងទៅ ទាំងមក ដោយមានមុខ ២។

រថភ្លើងធនស្រាលនេះ នឹងសាងសង់ឡើង ស្របតាមស្តង់ដាអន្តរជាតិ ដែលអាចរត់ក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុង១ម៉ោង។

គួររម្លឹកដែរថា គម្រោងតភ្ជាប់ផ្លូវរថភ្លើងធនស្រាល នឹងមានខ្សែរត់ ទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺមានប្រវែងតែ ៣០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវដែកដែលមានស្រាប់នៅខាងក្រៅរបងរបស់តំបន់សេដ្ឋកិច្ចពិសេស៕

មតិយោបល់