អចលន​ទ្រព្យ

ព្រែកព្នៅ ទៅ ក្រុងតាខ្មៅ ចម្ងាយ ២៥គីឡូម៉ែត្រ ធ្វើដំណើរតែ ៣៤នាទី

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃ ការរៀបចំដំណើរការនាវាដឹកជញ្ជូនអ្នកដំណើរ ដែលផ្តោតជាសំខាន់លើ ការពន្លឿនការដាក់ឱ្យដំណើរការនាវាដឹកអ្នកដំណើរពី ព្រែកព្នៅ ទៅក្រុងតាខ្មៅ។

កាណូតល្បឿនលឿន រត់ពី ព្រែកព្នៅ ទៅ តាខ្មៅ មានចម្ងាយសរុបប្រមាណ ២៥គីឡូម៉ែត្រ ចំណាយថេរៈវេលាធ្វើដំណើរប្រមាណ ៣៤នាទី ដែលគ្រោងដាក់ឱ្យដំណើរការមុនចូលឆ្នាំខ្មែរ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះ ឱ្យដំណើរការដោយរលូនតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋ អាចធ្វើ ដំណើរតាមផ្លូវទឹក នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរមកដល់។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នឹងមានការដំណើរការការដឹកជញ្ជូនតាមផ្លូវទឹក ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ជាមួយនឹងទូតដឹកអ្នកដំណើរយ៉ាងហើយ ២គ្រឿង និងចំណតយ៉ាងហើចណាស់ ៤ចំណត។

ដោយសារមានកញ្ចប់ថវិកាមួយចំនួនហើយ រដ្ឋាភិបាល នឹងចាប់ផ្តើមសង់ផែមួយចំនួន នឹងដាក់កប៉ាល់ ២ ៣គ្រឿង ឲ្យចាប់ផ្តើមរត់សាកល្បង។

កប៉ាល់នេះ នឹងដឹកអ្នកដំណើរតាមទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់ ប្រតិបត្តិការចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៨ យប់ ដោយបើកបរក្នុងល្បឿន ៣០ ទៅ ៤០គីឡូម៉ែត្រ/ម៉ោង។

ការសាងសង់ គ្រោងនឹងចំណាយពេល ១៤ខែ ដោយផែនការគ្រោងប្រតិបត្តិការ នៅខែ មេសា ឆ្នាំ ២០១៨ខាងមុខនេះ។

ដោយសារប្រទេសកម្ពុជា សម្បូរផ្លូវទឹកខ្វាត់ខ្វែង ដូចជាទន្លេមេគង្គ ទន្លេសាប បាសាក់ សេសាន -ល- ដូច្នេះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវតែប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ហើយការប្រើប្រាស់កាណូតសាធារណៈនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងកាត់បន្ថយចំណាយនានា ដែលបង្កដោយការកកស្ទះចរាចរណ៍។

ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មិនមែនត្រឹមតែដឹកអ្នកដំណើរនោះទេ គឺដឹកកសិផលទាំងអស់មកពីខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង -ល- មកកំពង់ផែភ្នំពេញ ដើម្បីឡើងកប៉ាល់ធំៗដឹកទៅបរទេស។

គួរជម្រាបដែរថា ការប្រើប្រាស់កាណូតសាធារណៈ នឹងជួយកាត់បន្ថយការចំណាយបានច្រើន ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសគឺ អ្នកដំណើរអាចលម្ហែ និងកាត់បន្ថយពេលវេលាធ្វើដំណើរផងដែរ៕

 

 

មតិយោបល់