ព័ត៌មានសិល្បៈ និងកម្សាន្ត

វង្ស ថាណាន់ ប្រកាសធ្វើខួប ទាំងអួលដើមករ

នៅថ្ងៃទី៥ មីនា ខាងមុខនេះ តារាចម្រៀងដែលត្រូវគេស្គាល់ថា ជាបេក្ខភាព Cambodian Idol រដូវកាលទី៣ នឹងសម្រេចធ្វើពិធីខួបកំណើតធំមួយ នៅភោជនីយដ្ឋានមួយកន្លែង ដែលស្ថិតនៅម្ដុំមន្ទីរពេទ្យអង្គរធំ ផ្លូវកម្ពុជាក្រោមជិតសាលាសន្ធរម៉ុក ដោយនេះ គឺជាពិធីធំដុំលើកទី១ ក្នុងនាមជាកូនកំព្រាឪពុកម្ដាយរស់នៅតែក្នុងមណ្ឌល ហើយបានទទួលជោគជ័យ នៅក្នុងវិស័យចម្រៀង។ យ៉ាងណាមិញ លោកបានបង្ហាញអារម្មណ៍ បុកពោះដោយសារតែខ្លាចថា ពិធីបើកឆាកជីវិតរបស់ខ្លួន មិនមានអ្នកចូលរួមកុះករតាមការអញ្ជើញ។

លោកវង្ស ថាណាន់ និយាយថា លោកសម្រេចធ្វើខួបនៅថ្ងៃទី៥ មីនា នេះ គឺដោយសារតែលោកតាំងពីធំដឹងក្ដីមក គឺរស់នៅតែក្នុងមណ្ឌល ដោយគ្មានភាពកក់ក្ដៅជាមួយម្ដាយឪពុក ព្រោះត្រូវអ្នកទាំងពីរបោះបង់ចោល ក្រោយបាក់បែកគ្នា គឺមិនមានពិធីណាមួយដែលជាពិធីមង្គល និងសិរីសួរស្ដីរបស់ខ្លួនទាល់តែសោះ ទើបលោកសម្រេចចាត់ចែងពិធីនោះឡើង ដើម្បីបានជួបជុំតារាសិល្បៈ និងដើម្បីបានលើករាសីរបស់ខ្លួន ក្រោយពីបានទទួលជោគជ័យ ឬមានគេស្គាល់ច្រើនឡើងនៅក្នុងពិភពសិល្បៈផង។ លោកថាពិធីមួយនេះ នឹងគ្រោងធ្វើឡើងច្រើនតុគួរសម ដោយតារាសិល្បៈក៏លោកនឹងអញ្ជើញច្រើនដែរ បើទោះជាមិនទាន់ដឹងថា នឹងមានតារាភាគច្រើនបង្ហាញវត្តមាន ដើម្បីផ្ដល់កិត្តិយសអោយលោកនៅឡើយ។

លោកថា ពិធីខួបកំនើតរបស់លោក នឹងធ្វើឡើងក្នុងភាពសាមញ្ញប៉ុណ្ណោះ គឺមិនខ្ជះខ្ជាយច្រើនទេ ប៉ុន្តែអ្វីដែលលោកចង់បានគឺការជួបជុំ និងការផ្លុំទៀនលើកដំបូង នៅក្នុងជីវិត ចាប់តាំងពីលោកបានក្លាយជាអ្នកចម្រៀង ហើយប្រឹងរស់ដោយខ្លួនឯង ក្រោយពីមណ្ឌលកុមារកំព្រាបញ្ចប់ការផ្គត់ផ្គង់។ លោកថាជីវិតជាក្មេងកំព្រា ដែលត្រូវឪពុកម្ដាយបោះបង់ចោល ព្រោះតែការលែងលះគ្នា គឺជារឿងឈឺចាប់មួយដ៏ធំ ដែលលោកមិនអាចភ្លេចបាន ប៉ុន្តែលោកមិនខឹងនឹងអ្នកមានគុណទាំងពីរទេ ដោយក្នុងពេលម្ដាយលោកស្លាប់ លោកក៏បានទៅបំពេញតួនាទីជាកូន ហើយសូម្បីតែឪពុករបស់លោក ដែលមានភរិយាក្រោយមិនរាប់រកលោក ក៏លោកនៅតែទៅសួរនាំ។

លោកថាឪពុករបស់លោកសូម្បីតែខលរកលោកក៏មិនមាននោះដែរ ទើបលោកយល់ថា ជីវិតរបស់ខ្លួនកាន់តែឯកាខ្លាំង និងមានតែតារាសិល្បៈ និងមិត្តភ័ក្រ្ត ទើបជាភាពកក់ក្ដៅពិតប្រាកដ ដែលតម្រូវអោយលោកដាច់ចិត្តប្រមូលលុយធ្វើខួបកំណើតនេះឡើង ដើម្បីអោយខ្លួន កើតមាននូវសេចក្ដីសុខក្នុងជីវិតខ្លាំង។ លោកថាពិធីខួបកំណើត ដែលគ្រោងធ្វើឡើង មិនមែនជាការបង្អួតមុខមាត់ទេ ប៉ុន្តែគឺជាការជំរុញអោយមានស្នាមញញឹម និងការតស៊ូនៅក្នុងជីវិតក្រោយពេលជីវិតមិនខុសពីក្បូននៅកណ្ដាលសមុទ្រ៕

មតិយោបល់