សួនសត្វធំជាងគេនៅរាជធានីភ្នំពេញ នឹងបើកដំណើរការជាផ្លូវការនៅខែមេសា ខាងមុខនេះ បន្ទាប់ពីសាងសង់អស់រយៈពេល ២ឆ្នាំមកនេះ បន្ទាប់ពីរើទីតាំងចេញពី ខេត្តកោះកុង មកកាន់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកឧកញ៉ា លី យ៉ុងផាត់ នាយកក្រុមហ៊ុនលីយ៉ុងផាត់គ្រុប បានឲ្យដឹងថា ការរើសួនសត្វពីខេត្តកោះកុងមកកាន់រាជធានីភ្នំពេញនេះ ដោយសារនៅរាជធានីភ្នំពេញមានភ្ញៀវទេសចរច្រើន។
លោកឧកញ៉ា បន្តថា ទុនវិនិយោគលើសួនសត្វថ្មីនេះមានទំហំទឹកប្រាក់ប្រមាណ ៩លានដុល្លារអាមេរិកជាការវិនិយោគ ដែលផ្តោតលើការកម្សាន្តដ៏សម្បូរបែប សម្រាប់ឱ្យប្រជាពលរដ្ឋបានចូលទស្សនា។
សួនសត្វ Safari World Phnom Penh មានការសម្តែងរបស់ស្វាអូរ៉ង់អូតង់ ការសម្តែងរបស់សត្វសេកពីអាហ្វ្រិក ការសម្តែងរបស់ ថនិកសត្វដទៃទៀត និងមានសេវាកម្មកំសាន្តដ៏សម្បូរបែប ជាច្រើនទៀតផងដែរ។
ក្រៅពីសួនកម្សាន្តដ៏ធំនេះក្រុមហ៊ុនលីយ៉ុងផាត់គ្រុប ក៏បាននិងកំពុងបោះទុនវិនិយោគ ៣០លានដុល្លារអាមេរិក ដើម្បីបង្កើតសួនទឹកកម្សាន្តធំជាងគេនៅរាជធានីភ្នំពេញ និងធំជាងគេក្នុងតំបន់អាស៊ានដោយដាក់ឈ្មោះ Angkor Water Park ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
ភ្នំពេញសាហ្វារីវើលជាសួនសត្វដែលមានសត្វប្រមាណ ៨០០ ក្បាល និងជាការចូលរួមសម្រាប់ជាកន្លែងកម្សាន្តចុងក្រោយគេរបស់ក្រុមហ៊ុន L.Y.P Group នៅក្នុងប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ថា គម្រោងសួនសត្វសាហ្វារីវើល គ្រោងនិងបញ្ចប់នៅឆ្នាំ ២០១៨ និងក្លាយសួនសត្វដំបូងបង្អស់នៅក្នុង រាជធានីភ្នំពេញ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ លើផ្ទៃដីទំហំ ៨០ហិកតា។
តម្លៃសំបុត្រចូលទស្សនា សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺ ១០ដុល្លារអាមេរិក។
សម្រាប់ដំណើរការសាងសង់នៃគម្រោងរួមមាន៖ សាលសំដែងសត្វស្វា សាលសំដែងសត្វបក្សី សាលសំដែងសត្វខ្លា សាលសំដែងសត្វក្រពើ សួនសត្វគ្រប់ប្រភេទ សួនទឹក សួនផ្កា ស្មៅ រុក្ខជាតិ និងអគារអាហារដ្ឋាន៕
មតិយោបល់