Post News Media អចលន​ទ្រព្យ ផែបណ្តែតទឹក ក...

ផែបណ្តែតទឹក កំពុងពន្លឿនការតម្លើង និងតភ្ជាប់ ត្រៀមដាក់ឲ្យប្រើប្រាស់ មុនចូលឆ្នាំខ្មែរ

នៅព្រឹកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពី សកម្មភាពតម្លើង និងតភ្ជាប់ផែបណ្តែតទឹក សម្រាប់ដាក់ឲ្យប្រើប្រាស់ នាមុនចូលឆ្នាំខ្មែរខាងមុខនេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីទីតាំងស្ថាបនាផែ និងស្ថានីយ៍អ្នកដំណើរ សម្រាប់សេវាដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ ចំនួន ៦ទីតាំង លើផែនការចំនួន ១១ទីតាំង ដូចខាងក្រោម៖

១-ទីតាំងក្រោមស្ពានព្រែកព្នៅ
២-ទីតាំងសួនច្បារប្រជាធិបតេយ្យឫស្សីកែវ
៣-ទីតាំងកំពង់ផែភ្នំពេញ
៤-ទីតាំងអតីតកប៉ាល់ណាហ្គា ខាងជើងកំពង់ចម្លងអរិយក្សត្រ
៥-ទីតាំងភូមិដើមច័ន្ទច្បារអំពៅ
៦-ទីតាំងក្រុងតាខ្មៅ។

កប៉ាល់សាធារណ:ល្បឿនលឿន នឹងរត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ ដែលគ្រោងនឹងដាក់ឲ្យដំណើរការ មុនបុណ្យចូលឆ្នាំ ២០១៨ខាងមុខនេះ។

កប៉ាល់នេះ នឹងដឹកអ្នកដំណើរតាមទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់ ប្រតិបត្តិការចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៨ យប់ ដោយបើកបរក្នុងល្បឿន ៣០ ទៅ ៤០គីឡូម៉ែត្រ/ម៉ោង។

បើគិតជារយ:ចម្ងាយគឺប្រមាណ ២៥គីឡូម៉ែត្រ (ទៅមក ៥០គីឡូម៉ែត្រ) ដោយមានចំណតអ្នកដំណើរចំនួន ៩កន្លែង ដោយមានរយ:ពេលឈប់ចត ៥នាទី។

ការសាងសង់ គ្រោងនឹងចំណាយពេល ១៤ខែ ដោយផែនការគ្រោងប្រតិបត្តិការ នៅខែ មេសា ឆ្នាំ ២០១៨ខាងមុខនេះ។

ដោយសារប្រទេសកម្ពុជា សម្បូរផ្លូវទឹកខ្វាត់ខ្វែង ដូចជាទន្លេមេគង្គ ទន្លេសាប បាសាក់ សេសាន -ល- ដូច្នេះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវតែប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ហើយការប្រើប្រាស់កាណូតសាធារណ:នេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងកាត់បន្ថយចំណាយនានា ដែលបង្កដោយការកកស្ទះចរាចរណ៍។

ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មិនមែនត្រឹមតែដឹកអ្នកដំណើរនោះទេ គឺដឹកកសិផលទាំងអស់មកពីខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង -ល- មកកំពង់ផែភ្នំពេញ ដើម្បីឡើងកប៉ាល់ធំៗដឹកទៅបរទេស។

គួរជម្រាបដែរថា ការប្រើប្រាស់កាណូតសាធារណ: នឹងជួយកាត់បន្ថយការចំណាយបានច្រើន ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសគឺ អ្នកដំណើរអាចលម្ហែ និងកាត់បន្ថយពេលវេលាធ្វើដំណើរផងដែរ៕