អចលន​ទ្រព្យ

បារាំង ចូលរួមអភិវឌ្ឍ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ

កាលពីម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីបើកសិក្ខាសាលាស្តីពី «ការបង្ហាញលទ្ធផល និងវឌ្ឍនភាពគម្រោងសហការលើការអភិវឌ្ឍនគរូបនីយកម្ម រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស» ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលាបានបង្ហាញពីលទ្ធផល ស្តីពីការសិក្សាតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ រួមមាន៖ បទបង្ហាញផែនទីនៃគម្រោងអភិវឌ្ឍន៍ក្នុងតំបន់បឹងជើងឯក និងទិន្នន័យដែលប្រមូលបាន, គម្រោងអភិវឌ្ឍន៍ផ្នែកបណ្ដាញធារាសាស្ត្រ ដើម្បីជួយតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញចៀសផុតពីគ្រោះទឹកជំនន់, ការលើកកម្ពស់តម្លៃនៃបរិស្ថាន និងសេដ្ឋកិច្ច, ការវិភាគទៅលើវិស័យទេសចរណ៍ និងការលើកគម្រោងប្លង់បណ្តាញផ្លូវ នៃគម្រោងអភិវឌ្ឍន៍ ដោយផ្អែកលើគម្រោងដែលមានស្រាប់ ។

ភាគីបារាំង តែងតែជួយគាំទ្រកិច្ចសហប្រតិបត្តិការ ដល់សាលារាជធានីភ្នំពេញ និងបានបញ្ជូនអ្នកជំនាញមកសិក្សាពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពថែមទៀត នៃកិច្ចប្រតិបត្តិការលើការរៀបចំអភិវឌ្ឍ ជាពិសេសតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដូចជាបណ្តាញធារាសាស្រ្ត សំណង់ធំតូច លំហូរចរាចរណ៍ និងគម្រោងប្លង់ បណ្តាញផ្លូវឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបន្តចូលរួមអនុវត្តលើការអភិវឌ្ឍនគរូបនីយកម្ម និងសំណង់ក្នុងរាជធានីភ្នំពេញកាន់តែស៊ីជម្រៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តឲ្យស្រស់បំព្រងដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីនៃសង្គម សេដ្ឋកិច្ចកម្ពុជា និងបរិការណ៍នៃតំបន់ទាំងមូលផងដែរ៕

មតិយោបល់