នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំមិត្តចិនផ្តល់នូវជំនួយបន្ថែម ដើម្បីកសាងផ្លូវខ្សែក្រវ៉ាត់យុទ្ឋសាស្រ្តសេដ្ឋកិច្ចពី ខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង ដោយឆ្លងកាត់ ថ្មដា សំឡូត ខេត្តបាត់ដំបង ដែលមានគម្រោងថវិកាសាងសង់ប្រមាណ ២០០ លានដុល្លារថែមទៀត។
ទន្ទឹមនឹងនេះដែរ ក៏បានសម្ពោធជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ៦ ដែលបានធ្វើការជួសកែលំអររួចហើយ មានប្រវែងជាង ២៤៨គម ភ្ជាប់ពីថ្នល់កែង កំពង់ចាម ឆ្ពោះទៅកាន់អង្រ្គង ខេត្តសៀមរាប ចំណាយទឹកប្រាក់សាងសង់ប្រមាណជាង ២៥៥ លានដុល្លារ ដែលជាហិរញ្ញប្បទានពីមិត្តចិន។
កំណាត់ផ្លូវនេះគឺតភ្ជាប់តាំងពីភ្នំពេញ, កណ្តាល, កំពង់ឆ្នាំង, កំពង់ធំ, សៀមរាប និងឆ្ពោះទៅព្រះវិហារ។
សមិទ្ឋផលថ្មីនេះ គឺនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការធ្វើអាជីវកម្មបស់បងប្អូនប្រជាពលរដ្ឋ ដែលនឹងជួយដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសជាតិយើង។
កំពង់ធំពីមុនគឺជាទីតាំងសមរភូមិប្រយុទ្ឋគ្នាយ៉ាងក្តៅគគុក ប៉ុន្តែពេលនេះ ទឹកដីនៃខេត្តកំពង់ធំ គឺកំពុងរីកចម្រើនទៅមុខជាមួយនឹងការទាក់ទាញទេសចរណ៍យ៉ាងច្រើន។
គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៦នេះ គឺឆ្លងកាត់ខេត្តចំនួន០៣រួមមាន ខេត្តកំពង់ចាម ប្រវែង ៤៣.៩៨គីឡូម៉ែត្រ ខេត្តកំពង់ធំ ប្រវែង ១៤៤.២៥គីឡូម៉ែត្រ និងខេត្តសៀមរាប ប្រវែង ៦០.៣០គីឡូម៉ែត្រ។
កំណាត់ផ្លូវនេះ ត្រូវចំណាយថវិកាសាងសង់អស់ប្រមាណ ២៥៥.០២លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានរបស់មិត្តចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥ភាគរយសម្រាប់ការដោះស្រាយផលប៉ះពាល់, ការបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ។
កំណាត់ផ្លូវនេះ បានចំណាយពេលសាងសង់ ៥០ខែ ចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៣ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៧៕
មតិយោបល់