ព័ត៌មានកីឡា

Bale ​នឹង​អវត្តមាន​៤​ខែ ​ដោយសារ​តែ​របួស​កែង​ជើង​របស់​ខ្លួន

ខ្សែបម្រើប្រយុទ្ធ Gareth Bale នឹងអវត្តមានពីទីលានប្រកួតរហូតដល់ទៅ៤ខែឯណោះ ដោយសារតែមានរបួសកែងជើងធ្ងន់ធ្ងរក្នុងការប្រកួតដែល Real Madrid ឈ្នះក្រុម Sporting ២-១ នៅពានរង្វាន់ UEFA Champions League ។

Real Madrid បានប្រកាសថា Bale នឹងធ្វើការវះកាត់កែងជើងខាងស្ដាំរបស់គេនៅសប្ដាហ៍ក្រោយ។ កីឡាករជម្រើសជាតិវែលរូបនេះ បានចាប់ផ្ដើមរដូវកាលបានយ៉ាងល្អ ពោលគឺចូលលេងបាន១១ប្រកួត ក្នុងចំណោម១២ប្រកួតរបស់ Real Madrid នៅ La Liga ហើយក៏ជាអ្នកជួយក្លឹបឈរនៅកំពូលតារាងផងដែរ។

អវត្តមានរហូតដល់ទៅ៤ខែនេះ នឹងធ្វើឱ្យ Real ជួបការពិបាកបន្ដិចបន្តួចចំពោះទម្រង់លេងប្រយុទ្ធលឿនរបស់ខ្លួន ត្បិតអី Bale ជាកីឡាករម្នាក់មានល្បឿនលឿន ដែលអាចជំនួយដល់តំបន់ប្រយុទ្ធវាយបកបានលឿននោះ។

អ្វីដែលកាន់តែសំខាន់ថែមទៀត ក្រុមរបស់លោក Zidane កំពុងតែត្រៀមខ្លួននិងមានកំណត់ត្រាល្អណាស់ ដោយមិនទាន់ស្គាល់ពាក្យចាញ់ទេ ក្នុងរដូវកាលនេះ។ ខណៈដែលពួកគេ នៅខែក្រោយក៏មានការប្រកួតសំខាន់មួយដែរ គឺព្រឹត្តិការណ៍ FIFA Club World Cup ដែលធ្វើឡើងនៅប្រទេសជប៉ុន៕

 

មតិយោបល់