ក្រោយពីបានជ្រើសរើសកីឡារដែលបានចូលរួមធ្វើតេស្តសមត្ថភាព ជាច្រើននាក់ហើយក្លិប វេស្ទើនភ្នំពេញ ក៏បានធ្វើការប្រកួតមិត្តភាពលើកដំបូង ជាមួយ អង្គរថាយហ្គឺរ ដោយលទ្ធផលចាញ់ភ្ញៀវ ៥ ទល់ ១ កាលពីថ្ងៃទី ០៨ កុម្ភៈ កន្លងទៅ ខណៈលោក ប៊ួយ ម៉េងហុង ថានឹងអាចមិនយកកីឡាករបរទេស ដូចក្លិបអគ្គិសនីកម្ពុជាដែរ។
យោងតាមសម្តីលោក ប៊ួយ ម៉េងហុង ដែលជាអ្នកចាត់ការទូទៅរបស់ក្លិប វេស្ទើនភ្នំពេញ បាននិយាយ៖ «នៅក្នុងរដូវកាលថ្មី យើងនឹងចាប់ផ្តើមសារជាថ្មី ជាមួយមនុស្សថ្មី ចិត្តគំនិតថ្មី ហើយចំពោះកីឡាករបរទេសវិញ អាចនឹងមិនមាន ពីព្រោះក្លិបនឹងផ្តោតទៅលើ ពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) នឹងពានរង្វាន់សកលវិទ្យាល័យ ខ្លាំងជាង ក្របខ័ណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨»។ អ្នកចាត់ការវ័យក្មេងរូបនេះ បានបន្ថែមថា លោកនឹងរៀបចំក្លិបមួយនេះដោយខ្លួនឯងផ្ទាល់ ហើយបានបញ្ជាក់ពីកីឡាករបរទេសថា មិនទាន់ប្រាកដ ១០០% នៅឡើយទេ តែនឹងដឹងច្បាស់នៅថ្ងៃទី ២០ ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា វេស្ទើនភ្នំពេញ នឹងធ្វើការប្រកួតមិត្តភាពជាមួយ ណាហ្គាវើល នាថ្ងៃទី ១០ ខែ កុម្ភៈ នេះនាវេលាម៉ោង ៤ រសៀល លើទីលានកីឡដ្ឋានវេស្ទើន ដើម្បីស្ទៀបស្ទង់សមត្ថភាពកីឡាករថ្មីទាំងអស់នេះ៕
មតិយោបល់