លោក Kiatisuk Senamuang គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បាននិយាយថាក្រុមរបស់លោកធ្វើបានល្អមែនទែននៅវគ្គចែកពូលនេះ ហើយពួកគេលេងដោយមានទំនុកចិត្តខ្ពស់ណាស់ថាអាចឈ្នះរាល់ការប្រកួតបាន។
បើគិតត្រឹមតែវគ្គចែកពូលពានរង្វាន់ AFF Suzuki Cup នេះ ជម្រើសជាតិថៃមិនចាញ់ឬស្មើ១ប្រកួតទេ ពោលគឺ៣ប្រកួតឈ្នះទាំង៣ប្រកួត រកបាន៩ពិន្ទុឈរនៅកំពូលតារាងតែម្ដង។ ខណៈដែលនេះគឺជាកំណត់ត្រាមួយល្អសម្រាប់ថៃ ហើយពួកគេក៏កាន់តែមានទំនុកចិត្តថែមទៀត សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
Kiatisuk ធ្លាប់បាននិយាយហើយថាក្រុមរបស់លោករំពឹងយកពាននេះឱ្យបាន ដើម្បីបោះជំហានអ្វីមួយទៀត លើឆាកអន្តរជាតិ។ កីឡាករជម្រើសជាតិថៃ មានចិត្តតែមួយក្នុងការសម្រេចវា ហើយនេះក៏ជាអ្វីដែលលោកត្រូវការដែរ។ ដោយមើលឃើញសមត្ថភាពរបស់កូនក្រុមខ្លួនប៉ុណ្ណឹង គ្រូបង្វឹកវ័យក្មេងរូបនេះ ជឿជាក់ថាថៃអាចលើកពាននេះបានហើយ៕
មតិយោបល់