លោកLuis Enrique អ្នកចាត់ការរបស់ក្រុម FC Barcelona បានបញ្ជាក់ថាមូលហេតុដែលធ្វើឱ្យក្រុមទាំងមូលមិនចូលរួមពិធី The Best FIFA Football Awards គឺមកពីពួកគេផ្ទាល់សម្រេចស្របគ្នាមិនទៅតែម្ដង។
ព្រឹត្តិការណ៍ The Best FIFA Football Awards របស់សហព័ន្ធបាល់ទាត់អន្តរជាតិបានធ្វើឡើងនៅប្រទេសស្វីស ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បុគ្គលល្បីៗក្នុងវិស័យបាល់ទាត់។ យ៉ាងណាមិញ នៅយប់នោះគេអង្កេតឃើញថាមិនមានវត្តមានរបស់ Lionel Messi ឬកីឡាកររបស់ក្រុម FC Barcelona នោះទេ បើទោះជាកីឡាករខ្លះក្នុងក្រុមបានទទួលពានក៏ដោយ។

ចំពោះមូលហេតុវិញ លោក Enrique បានប្រាប់ដូច្នេះថា៖ “នេះជាការសម្រេចចិត្តរបស់កីឡាករទាំងអស់គ្នា ដូច្នេះខ្ញុំជាគ្រូបង្វឹកម្នាក់ត្រូវតែធ្វើតាមពួកគេ។ យើងពិតជាមានការប្រកួតសំខាន់មួយមែននៅពេលខ្លីខាងមុខនេះ ដូច្នេះហើយពួកគេសម្រេចចិត្តនេះក៏ជាផលល្អសម្រាប់ក្រុមដែរ”។
ដោយឡែកសំនួរដែលសួរថា អ្នកចាត់ការខាងលើនេះបានឃើញ Ronaldo លើកពាន និងនិយាយសោកស្ដាយមិនបានឃើញកីឡាករ Barcelona ចូលរួមនោះ លោក Enrique បានឆ្លើយយ៉ាងខ្លីថាលោកខានបានមើលទូរទស្សន៍មួយសប្ដាហ៍មកហើយ៕
មតិយោបល់