ព័ត៌មានកីឡា

នរណាឈរពីក្រោយក្លឹបអប្សរាគុណខ្មែរ របស់សែនរ៉ាឌី និង សែន រ៉ាដេត?

បងប្អូនត្រកូលសែនទាំង៣មាន សែន រ៉ាឌី សែន រ៉ាដេត សែន រ៉ាដូ និងអ្នកប្រដាល់ល្បីឈ្មោះមួយចំនួនទៀតបានលេចមុខតាមរយៈក្លឹបអប្សរាគុណខ្មែរ ដោយភាគច្រើនប្រកួតនៅប៉ុស្តិ៍អប្សរា។ តើនរណាជាអ្នកនោពីក្រោយខ្នងពួកគេ?

ក្លឹបអប្សរាគុណខ្មែរ ដែលមានមូលដ្ឋាននៅវត្តស្វាយពពែ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់ប៉ុស្តិ៍អប្សរា។ បងប្អូនត្រកូលសែន និងជើងខ្លាំងដទៃទៀតដូចជា យេន ឌីណា បាង កាយ៉ាក និងកំពែង ខ្មៅ សុទ្ធតែត្រូវបានលោក យុទ្ធ ភូថង មើលថែនិងបញ្ជូនទៅហាត់នៅថៃតាំងពីតូច។ ល្គិកណាពួកគេឡើងដៃ ល្មមប្រឡូកសង្វៀនបាន អ្នកគ្រប់គ្រងរូបនេះនឹងយកត្រឡប់មកវិញ ហើយចាប់គូអោយវាយដាក់ដាំផាន់ ( ដាក់លុយស្មើ អ្នកឈ្នះយកទាំងអស់ ) នៅតាមជាយដែន។ បើនិយាយពី សែន រ៉ាឌី នៅជាយដែនថៃ គេស្គាល់តែឈ្មោះម្ទេសខ្មាំងប៉ុណ្ណោះ ប៉ុន្តែពេលមកវាយនៅប៉ុស្តិ៍អប្សរា គេប្រើឈ្មោះ សែន រ៉ាឌី ទៅវិញ ខណៈនៅជម្រើសជាតិវូវីណាមឈ្មោះពិតរបស់គេគឺ ទិន ភាព។ ប្រការនេះទំនងជាមានការលាក់បាំងសមាភាពខ្លះ ​ដើម្បីកុំអោយអ្នកគាំទ្របានស្គាល់ ឬក៏លក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួនទៀត។ កន្លងកាលក្រោយមក ពួកគេមានឱកាសឡើងតែសង្វៀនមួយនោះរហូតដែលវាយ១ខែម្តង ខណៈសង្វៀនផ្សេងពុំសូវបានឱកាសឡើងឡើយ។

ការឡើងវាយតាមប៉ុស្តិ៍របស់អ្នកប្រដាល់អប្សរាគុណខ្មែរ គឺទាល់តែមានការអនុញ្ញាតិពីម្ចាស់ក្លឹបរូបនេះ ដោយពុំមែនសុទ្ធតែអាចឡើងបានតាមចិត្ត និងកម្លាំងកីឡាករនោះទេ។ កន្លងមកនិងថ្មីៗនេះ ផ្ទុះការបង្ហោះសារពិបាកចិត្តជាច្រើន ពីអ្នកប្រដាល់ក្លឹបនេះដោយបង្ហាញមហិច្ឋតាចង់ចូលជម្រើសជាតិកីឡាផ្សេង ប៉ុន្តែអ្នកដឹកនាំប្រដាល់រូបនេះមិនអនុញ្ញាតិឡើយ។ តាមប្រកាសមួយលើបញ្តាញសង្គម គឺមានអ្នកប្រាប់គេថា អោយតែហ៊ានចូលវូវីណាម គេនឹងបាត់មុខពីពិភពកីឡាភ្លាម។

ប៉ុន្តែរឿងមួយទៀតដែលមិនសរសើរមិនបាននោះគឺ អ្នកប្រដាល់អប្សរាគុណខ្មែរទាំងអស់មានខ្សែក្រវ៉ាត់ពាក់ស្ទើរគ្រប់គ្នា។ ក្នុងនោះមាន សែន រ៉ាឌី សែន រ៉ាដេត យេន ឌីណា កំពែង ខ្មៅ និងបាង កាយ៉ាកជាដើម។

 

 

 

មតិយោបល់