លោក អេ ភូថង អធិរាជប្រដាល់ខ្មែរបានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនថា មឿន សុខហ៊ុច នឹងឈ្នះការប្រកួតជុំដំបូងនៃសមរភូមិដណ្តើមខ្សែក្រវ៉ាត់មាស Max Muay Thai ដល់ទៅ៩៩% ប៉ុន្តែបារម្ភខ្លាចប៉ះជើងខ្លាំងវេល Luke Bar នាវគ្គផ្តាច់ព្រ័ត្រ។
អតីតអ្នកលេងជង្គង់ហោះកែងឆេះរូបនេះបាននិយាយថា ជុំដំបូងសុខហ៊ុចអាចឈ្នះខ្ពស់ ព្រោះការហ្វឹកហាត់គ្រប់គ្រាន់ និងកម្លាំងគេពេញល្អ ប៉ុន្តែជុំផ្តាច់ព្រ័ត្រគេនឹងពិបាកបើប៉ះដៃគូវេលដែលមានកម្ពស់ខ្ពស់ និងស៊ុសខ្លាំង។
« តាមទៅខ្ញុំថា សុខហ៊ុច នឹងឈ្នះជុំទី១ ៩៩% ព្រោះគេហាត់ល្អ និងកម្លាំងនៅពេញទៀត ប៉ុន្តែវគ្គផ្តាច់ព្រ័ត្រអាចពិបាកព្រោះបើគេជួបវេលដែលប្តូរជំនួសអូស្ត្រាលីហ្នុង ខ្ញុំមើលហើយគេល្អខ្លាំងណាស់។ គេបានកម្ពស់ និងម៉ាត់ចំៗល្អណាស់ អញ្ចឹងហើយខ្ញុំសង្ឃឹមថា ៥០%ទេ។ » សម្តីលោក អេ ភូថង។
មឿន សុខហ៊ុច បានចាកចេញពីកម្ពុជាកាលពីព្រឹកមិញ ដើម្បីធ្វើដំណើរតាមរថយន្តឆ្ពោះទៅកាន់ខេត្តផាតធីយ៉ាប្រទេសថៃ ដើម្បីដណ្តើមខ្សែក្រវ៉ាត់មាស អមជាមួយប្រាក់រង្វាន់ជិត៣ម៉ឺនដុល្លារ នាថ្ងៃទី២៦ ខែកុម្ភៈខាងមុខ។
មតិយោបល់