នំត្រី គឺជាផលិតផលអាហារសម្រន់ដ៏ពិសេស ដែលផលិតនៅក្នុងប្រទេសកម្ពុជា ដើម្បីព្យាបាលដល់កុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។
រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយ យូនីសេហ្វ (UNICEF Cambodia) នឹងដៃគូ ផលិតនំត្រី នេះឡើង ដោយប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក ដោយចំណាយពេលប្រមាណ ២ឆ្នាំ ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលនេះ។
នំត្រី ត្រូវបានបែងចែកជា ២ប្រភេទគឺ ទី១ សម្រាប់ការព្យាបាលកុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងទី២ សម្រាប់ធ្វើជាអាហារសម្រន់ សម្រាប់ការពារកុមារពី កង្វះអាហារូបត្ថម្ភ។
លោកស្រី Debora Comini តំណាងយូនីសេហ្វនៅកម្ពុជា បានបញ្ជាក់ថា អាហារូបត្ថម្ភនេះ គឺអាចប្រើប្រាស់ជាមួយ កុមារតាំងពីនៅក្នុងផ្ទៃម្តាយ រហូតដល់អាយុ ២ឆ្នាំ ដែលជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កុមាររីកលូតលាស់ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី។
គួរបញ្ជាក់ដែរថា នំត្រី ត្រូវបានគេធ្វើជានំរាងបំពង់ មានផ្សំជាមួយម្សៅខ្ទិះដូង ងាយស្រួលញ៉ាំ និងមានអត្ថប្រយោជន៍ច្រើនបំផុត៕
មតិយោបល់