ព័ត៌មានកីឡា

Mertesacker ៖ Arsenal ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ស្វាគមន៍ Bayern Munich

 

Mertesacker ​ប្រធាន​ក្រុម Arsenal ​បាន​បញ្ជាក់​ថា​សមាជិក​ក្រុម​របស់​ខ្លួន​មិន​ទាន់​រៀប​ចំ​បាន​ល្អ​នោះ​ទេ ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម Bayern Munich ​នា​វេលា​ម៉ោង​២:៤៥​នាទី​នេះ ​នា​ពាន​រង្វាន់ UEFA Champions League ​។

កាំភ្លើង​ធំ​បរាជ័យ​កាល​ពី​ជើង​ទី​១​ម្ដង​ហើយ​ក្នុង​លទ្ធផល​ទក់​សាច់ ៥-១ ​នៅ​ទឹក​ដី​អាល្លឺម៉ង់ ខណៈ​ដែល​ជើង​ទី​២​នា​រាត្រី​នេះ ​ក្រុម​របស់​លោក Wenger ​រំពឹង​ថា​ធ្វើ​បាន​ល្អ​វិញ ដើម្បី​យក​ឈ្នះ​ក្រុម​ខ្លាំង​មួយ​នេះ​ឱ្យ​បាន។ ​យ៉ាងណាមិញ ​មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់​នេះ​ដែរ កីឡាករ Mertesacker ​បែរ​ជា​បង្ហាញ​ចំណាប់​អារម្មណ៍​ប្លែក​ទៅ​វិញ ​ដោយ​យល់​ឃើញ​ថា​ក្រុម​ទាំង​មូល​ហាក់​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ទទួល Bayern Munich ​នោះ​ទេ។

“ខ្ញុំ​គិត​ថា​យើង​បាន​មើល​ឃើញ​ចំណុច​ជា​ច្រើន ​ដែល​បញ្ជាក់​ថា​យើង​ពិត​ជា​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ប្រជែង​ធំ​នេះ​ទេ។ យើង​ធ្វើ​មិន​បាន​ល្អ​ប៉ុន្មាន​ប្រកួត​មក​ហើយ។ ​យើង​មាន​បញ្ហា​បន្តិចបន្ដួច ​ប៉ុន្តែ​យើង​ត្រូវ​តាំង​អារម្មណ៍​មក​វិញ ​ត្រូវ​ប្រាកដ​ថា​អ្នក​នឹង​ហ្វឹកហាត់​ដល់​កម្រិត​ខ្ពស់​បំផុត”។ សម្ដី​របស់​ប្រធាន​ក្រុម​កាំភ្លើង​ធំ​ខាង​លើ​បាន​និយាយ។

ក្រុម Arsenal ​តែងតែ​បរាជ័យ​នៅ​ពាន​រង្វាន់ UEFA Champions League ​នេះ​ដោយ​ជួប​ជាមួយ​ក្រុម Bayern Munich ​ប៉ុន្មាន​រដូវ​កាល​ជាប់​គ្នា​មក​ហើយ។ ខណៈ​ដែល​រដូវ​កាល​នេះ​អាច​នឹង​ដូច​រដូវកាល​មុន​ទៀត ព្រោះ​អី​ត្រឹម​ជើង​ទី​១ ​ចាញ់ ៥-១ ​គឺ​ពិត​ជា​ពិបាក​វាយ​បក​យក​ឈ្នះ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ​ណាស់៕

 

 

មតិយោបល់