Chinese Super League បានពិន័យកីឡាករម្នាក់ហាមចូលលេងដល់ទៅ៦ខែ និងពិន័យជាប្រាក់ ១៤ ០០០ផោន ក្រោយពីរកឃើញថារូបគេបានបង្កកំហុសចេតនាមួយក្នុងការប្រកួតរវាងក្រុម Shanghai Shenhua និង Tianjin Quanjian ។
Qin Sheng ជាកីឡាកររបស់ក្រុម Shanghai Shenhua ហើយក្នុងការប្រកួតខាងលើនោះ រូបគេបានជាន់ជើងកីឡាករ Axel Witsel ដោយមានចេតនាតែម្ដង។ ភ្លាមនោះ អាជ្ញាកណ្ដាលនៅលើទីលានបានឃើញ ហើយក៏បានដកកាតក្រហមបណ្ដេញចេញពីទីលានភ្លាមៗតែម្ដង ដោយសំណាងថានេះជាអំពើរមិនល្អនិងជាចេតនាធ្វើបាបកីឡាករដទៃ។
មិនត្រឹមតែទទួលបានកាតក្រហមនេះទៀតសោត កីឡាករចិនខាងលើនេះត្រូវបានសហព័ន្ធបាល់ទាត់ចិនសម្រេចពិន័យរូបគេដល់ទៅ៦ខែឯណោះ មិនឱ្យចូលលេងនោះទេ អមជាមួយទឹកប្រាក់ចំនួន ១៤ ០០០ផោនថែមទៀត។ Sheng មិនត្រឹមតែសហព័ន្ធចិនពិន័យនោះទេ សូម្បីតែក្លឹបរបស់គេផ្ទាល់ក៏បានចេញសេចក្ដីប្រកាសមួយដែរថាខ្សែបម្រើរូបនេះត្រូវបង់ប្រាក់ចំនួន ៣៥ ០០០ផោនថែមទៀត ហើយក៏ត្រូវចេញមុខមកសុំទោសតាមបណ្ដាញសង្គមនានាផងដែរ។
ដោយក្លឹប Shanghai Shenhua គិតថានេះជារឿងមួយដែលកីឡាករក្នុងស្រុក បានបំបាក់មុខប្រទេសជាតិខ្លួន ហើយជាចេតនាមួយបង្កជារឿងមិនល្អក្នុងវិស័យបាល់ទាត់៕
មតិយោបល់