ព័ត៌មានកីឡា

ក្រុមជម្រើសកីឡាករនៅ J-LEAGUE ប្រទេសជប៉ុននឹងមកធ្វើការប្រកួតមិត្តភាពនៅកម្ពុជា នាដើមខែក្រោយ

បើយោងតាមលោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា ហៅកាត់ CNCC បានបង្ហើបថា នៅដើមខែសីហា ខាងមុខ ក្រុមកីឡាករបាល់ទាត់ចម្រុះពីក្របខណ្ឌ J-League របស់ជប៉ុន នឹងមកប្រកួតមិត្តភាពនៅកម្ពុជា។

លេខាធិការប្រតិបត្តិ ខាងលើបានលើកឡើងថា ៖ “សហព័ន្ធកីឡាបាល់ទាត់ជប៉ុននឹងបញ្ជូនក្រុមកីឡាករបាល់ទាត់ JFL Selection Team មានន័យថា ក្រុមជម្រើសលីគជប៉ុនតែម្ដង ប្រមូលផ្ដុំហ្វឹកហាត់នៅកម្ពុជា ដោយភាគីជប៉ុនក៏សូមមានការប្រកួតមិត្តភាពជាមួយក្លិបកំពុងឈរទីកំពូលនៅកម្ពុជា មានន័យថា ក្លិបបឹងកេត ហើយការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី០៥ សីហា។ ហើយមុនជួបជាមួយបឹងកេតនេះដែរ JFL Selection Team ក៏នឹងត្រូវជួបជាមួយ យុវជនបាទីអាយុក្រោយ ១៩ឆ្នាំ ដែលដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុនដែរ”។

កម្មវិធីនេះគ្រោងនឹងធ្វើឡើង ដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា និង ជប៉ុន ដោយមាន U19 បាទី នៅថ្ងៃសុក្រ ទី០៣ សីហា និង ថ្ងៃអាទិត្យ ទី០៥ ខែសីហា នាពហុកីឡដ្ឋានជាតិ។ ដោយមានការយោគយល់ពីសំណាក់ក្លិបក្រសួងការពារជាតិ ជំនួបរវាង ទ័ព និង បឹងកេត ត្រូវបានប្ដូរពីថ្ងៃអាទិត្យ ទី០៥ សីហា ទៅកាន់ថ្ងៃទី២៧ ខែកក្កដា វិញ ព្រោះយល់ថា ជាឱកាសដ៏ល្អសម្រាប់កម្ពុជា ដែលមានក្រុមពីជប៉ុនមកចែករំលែកបទពិសោធន៍៕

មតិយោបល់