លោក Leonardo Vitorino បានបង្ហើបក្តីប្រាថ្នាមួយក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គឹចង់អោយខ្លាំងដូចប្រទេសកាតា និងប្រេហ្ស៊ីលបច្ចុប្បន្ន។
កាលពីម្សិលមិញនៅកីឡដ្ឋាន RSN អតីតគ្រូ Lanexang រូបនេះបាននិយាយថា លោកចង់ប្រើកីឡាករក្មេងៗអោយបានច្រើន និងបណ្តុះឆន្ទៈអោយហ៊ានលេងមិនខ្វល់ពីលទ្ធផល ដូចប្រទេសបាល់ទាត់រីកចម្រើនទាំងពីរដែលសុទ្ធតែធ្លាប់ធ្វើដូចនេះ។
« មែន យើងចាញ់ ប៉ុន្តែបាល់ទាត់គឺបែបនេះ។ កីឡាករក្មេងៗរបស់យើង ត្រូវការបទពិសោធន៍លើទីលាន ហើយពួកគេត្រូវលេងតាមការរៀបចំអោយបានល្អ ដោយមិនខ្វល់ពីលទ្ធផល។ យើងលេងដោយទំនុកចិត្ត អនាគតយើងនឹងល្អ ដូចកាតាពីមុនប្រើតែកីឡាករក្មេងៗលេងចាញ់ច្រើនណាស់ ប៉ុន្តែឥឡូវពួកគេជាក្រុមដ៏ខ្លាំងមួយ។ ប្រទេសខ្ញុំដូចគ្នា ទោះបីអត់មានវគ្គជម្រុះអី ប៉ុន្តែពួកគេកំពុងបណ្តុះយុវជនជាច្រើន ត្រៀមស្នងតំណែងក្រុមធំ។ » សម្តីលោក Leonardo ។
បន្ថែមលើនេះគ្រូសញ្ជាតិប្រេហ្ស៊ីលបង្ហាញពីក្តីសោកស្តាយខ្លះ ដែលកីឡាករលើទីលានបង្កើតកំហុសខ្លួនឯង បណ្តាលអោយហ្សកដានីស៊ុតបានដល់ទៅ៧គ្រាប់។ ប៉ុន្តែលោកចាត់ទុកថា នេះគ្រាន់តែជាការចាប់ផ្តើម ខណៈពួកគេធ្វើបានល្អហើយសម្រាប់ប្រកួតចុងក្រោយនេះ។
២ប្រកួតដំបូងក្រោមការដឹកនាំរបស់គ្រូថ្មីរូបនេះ ពុំទាន់ស្គាល់ពាក្យថាឈ្នះឡើយ ពោលគឺចាញ់ឥណ្ឌា ៣-២ និងចាញ់ហ្សកាដានី ៧-០។ យ៉ាងណាក្តីមតិអ្នកគាំទ្រនៅតែបង្ហាញមោទនភាព ព្រោះទម្រង់លេងប្រសើរជាងមុន។
មតិយោបល់