កីឡាករប្រដាល់សេរីខ្មែរ មឿន សុខហ៊ុច បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងជំនួបមិត្តភាពអន្តរជាតិថ្ងៃអាទិត្យ ទី ០៩ ខែមេសា ឆ្នាំ ២០១៧ នៅសង្វៀនស្ទឹងមានជ័យ។ មឿន សុខហ៊ុច កីឡាករប្រដាល់ជើងខ្លាំងរបស់កម្ពុជា កំពុងតែហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីទទួលស្វាគមន៍ជើងខ្លាំងថៃ Jaonavy Sor.Skulpgath នៅពីរថ្ងៃខាងមុខនេះ ក្នុងការប្រកួតលក្ខណៈមិត្តភាពខ្មែរ-ថៃ នៅសង្វៀនស្ទឹងមានជ័យ។
មឿន សុខហ៊ុច ហាក់មិនសូវមានការព្រួយបារម្ភខ្លាំង សម្រាប់ការប្រកួតនេះឡើយ ដោយសារតែសុខហ៊ុច មានបទពិសោធន៍ច្រើនណាស់មកហើយ នៅក្នុងការប្រកួតជាមួយនឹងកីឡាករថៃ។ បើទោះបីជាយ៉ាងនេះក្តី សុខហ៊ុចនៅមិនទាន់បានដឹងពីសមត្ថភាពពិតរបស់ Jaonavy នៅឡើយទេ ព្រោះថាកីឡាករថៃរូបនេះ មិនដែលមកប្រកួត នៅសង្វៀនកម្ពុជាឡើយ គ្រាន់តែដឹងថា គេជាកីឡាករខ្លាំង មានបទពិសោធន៍ច្រើន នៅក្នុងសង្វៀនប្រកួត។ មិនតែប៉ុណ្ណោះ បើតាមប្រភពព័ត៌មានពីខាងភាគីថៃ បានបង្ហាញឲ្យដឹងថា Jaonavy នេះ មានសមត្ថភាពខ្លាំងនៅក្នុងការប្រើប្រាស់ជើងវាយមកលើគូប្រកួត ហើយមានគូប្រកួតជាច្រើនរងបរាជ័យ ក្រោមថ្វីជើងរបស់គេ។
ដោយហេតុនេះហើយ មឿន សុចហ៊ុច នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះជើងខ្លាំងថៃរូបនេះ ព្រមទាំងធ្វើការរារាំងមិនឲ្យកីឡាករថៃ អាចប្រើក្បាច់ពិសេសរបស់គេមកផ្តួលខ្លួនឯងបានឡើយ។ មិនតែប៉ុណ្ណោះ មឿន សុខហ៊ុច និងព្យាយាមយកឈ្នះកីឡាករថៃ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកគាំទ្រកម្ពុជាទាំងអស់ មិនអស់សង្ឃឹមមកលើរូបគេ។ យ៉ាងណាមិញការប្រកួតមិនទាន់មកដល់នៅទ្បើយទេ សម្រាប់កីឡាករទាំងពីរ ដោយត្រូវរង់ចាំតាមដានលទ្ធផលទាំងអស់ នៅក្នុងការប្រកួតនារយៈពេលពីរថ្ងៃខាងមុខនេះ៕
មតិយោបល់