ព័ត៌មានកីឡា

ដំណើរទៅកាន់ខេត្តតាកែវរបស់ក្រសួងការពារជាតិប្រកបដោយភាពជោគជ័យ

ក្រុមបាល់ទាត់ក្រសួងការពារជាតិ បានបន្តឈរចំណាត់ថ្នាក់លេខពីរដដែល បន្ទាប់ពីបានយកឈ្នះក្រុមគិរីវង្ស សុខសែនជ័យ ក្នុងលទ្ធផល 2-0​ នៅកីឡារដ្ឋានខេត្តតាកែវនារសៀលថ្ងៃនេះ។

ថ្វីបើពិបាកបន្ស៊ាំការលេងនៅកីឡារដ្ឋានថ្មីខេត្តតាកែវមែន តែក្រុមក្រសួងការពារជាតិ បានត្រឡប់មកវិញ ដោយនាំយកបីពិន្ទុ បន្តទៀត ដើម្បីប្រជែងយកពានរង្វាន់លីគកំពូលរបស់កម្ពុជានេះ។ ការពារជាតិ មានឱកាសច្រើន នៅក្នុងការរកគ្រាប់បាល់បញ្ចូលទី តែពួកគេហាក់មិនទទួលបានលទ្ធផលជាផ្លែផ្កាប៉ុន្មានឡើយ​ ​ព្រោះការពារជាតិ អាចរកគ្រាប់បាល់បានតែមួយគ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Chherm Jung-Hoo ដោយបាល់១១ម៉ែត្រនៅនាទីទី ៩០ និងមួយគ្រាប់បញ្ចូលទីខ្លួនឯង តាំងពីនាទីទី ៤០ របស់គិរីវង្ស។

ក្រោយពីបញ្ចប់ការប្រកួត ការពារជាតិ នៅតែរក្សាចំណាត់ថ្នាក់លេខពីរ ក្នុងតារាងដដែល មាន ១៧ ពិន្ទុ តាមពីក្រោយក្រុមព្រះខ័នរាជ្យស្វាយរៀងតែពិន្ទុប៉ុណ្ណោះ។ ការពារជាតិ នឹងត្រូវប្រកួតយកចំណាត់ថ្នាក់កំពូលតារាង ជាមួយនឹងស្វាយរៀង ក្នុងសប្តាហ៍ទី៨ នាថ្ងៃទី​ ២៣​​​ មេសាខាងមុខនេះ។ រង់ចាំទស្សនាទាំងអស់គ្នា​ តើការពារជាតិ អាចឡើងទៅកាន់កំពូលតារាង ឬ ស្វាយរៀងនៅបន្តលើកំពូលតារាងដដែល៕

មតិយោបល់