នៅក្នុងយប់នេះ ការប្រកួតពានរង្វាន់ Europa League វគ្គ៨ក្រុមនឹងចាប់ផ្តើមប្រកួត នៅវេលាម៉ោង ២និង៥នាទីរំលងអាធ្រាត្រ។
ក្រុម Anderlecht នឹងបើកទ្វារទទួលក្រុមបីសាចក្រហម Manchester United ដើម្បីបើកឆាកប្រកួតជើងទី១ នៃពានរង្វាន់ក្លឹបលំដាប់ទី២ របស់អ៊ឺរ៉ុប។ Anderlecht លេងនៅក្នុងផ្ទះរបស់ពួកគេ ដូច្នេះហើយ Anderlecht ហាក់មានទំនុកចិត្តច្រើន។ ការប្រកួតកាលពីចុងសប្តាហ៍កន្លងមក Anderlecht បានត្រឹមស្មើក្នុងដៃខ្លួនឯងជាមួយនឹងក្រុម Gent។ ចំណែកក្រុមបីសាចក្រហម Manchester United វិញ មានការព្រួយបារម្ភច្រើន នៅក្នុងយប់នេះ ព្រោះរៀងរាល់ការប្រកួតក្រៅផ្ទះនៅ Europa League នេះ Manchester United លេងមិនសូវបានល្អឡើយ។ ក៏ប៉ុន្តែ ក្រុម Manchester United កំពុងលេងបានយ៉ាងល្អឡើងវិញ ដោយយកឈ្នះ Sunderland ៣-០ កាលពីចុងសប្តាហ៍កន្លងមក។
នៅក្នុងយប់នេះ ក្រុមទាំងពីរ នឹងត្រូវប្រកួតដោយការខិតខំប្រឹងប្រែងរៀងៗខ្លួន ដើម្បីឆក់យកឱកាស នៅក្នុងការលេងជើងទី២បន្តទៀត។ ម្យ៉ាងវិញទៀត ក្រុមទាំងពីរ ត្រូវការឈ្នះ ក្នុងការប្រជែងឡើង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa Leagueនេះ។ ក្រៅពីមួយគូនេះ នៅមានជំនួបរវាងក្រុម Ajax vs Schalke04, Celta Vigo vs Genk និង Lyon vs Besiktas នៅក្នុងវគ្គ៨ក្រុមចុងក្រោយ Europa League ក្នុងពេលតំណាលគ្នាដែរ៕



មតិយោបល់