ខ្សែប្រយុទ្ធចាស់វស្សា កែវ សុខងន ត្រូវបានគ្រូបង្វឹកជម្រើសជាតិលោក Leonardo Vitorino បានកោះហៅចូលក្នុងចំណោមកីឡាករ ២៥ នាក់ សម្រាប់ការប្រកួត មិត្តភាពអន្តរជាតិជាមួយ ឥណ្ឌួនេស៊ី នៅថ្ងៃទី ០៨ ខែ មិថុនា នេះ ដើម្បីជាការត្រៀមខ្លួននៅព្រឹត្តិការណ៍ AFC Asian Cup វគ្គជម្រុះ។
សមាជិកភ្នំពេញក្រោន រូបនេះ បានបញ្ជក់ថា៖ «មានកត្តាជាច្រើនដែលជម្រុញអោយខ្ញុំជាប់ ជម្រើសជាតិវិញ ទី ១ គឺឪពុកម្តាយរបស់ខ្ញុំ ពួកគាត់តែងតែផ្តល់កម្លាំងចិត្តអោយខំប្រឹងបន្ត ជាជីពមួយនេះ ជាពិសេសប្អូនប្រុសរបស់ខ្ញុំ កែវ សុខផេង គាត់តែងលើកទឹកចិត្តដល់ខ្ញុំ ហើយគាត់ តែងប្រាប់ខ្ញុំថា កុំអស់សង្ឃឹមព្យាយាមគង់បានសម្រេច ហើយពួកគាត់តែងនិយាយថា ខ្ញុំនឹងអាចធ្វើបាន ព្រោះកីឡាករជម្រើសជាតិនៅខ្វះខាតផ្នែកប្រយុទ្ធណាស់ និងកត្តាមួយចំនួនដែលបានធ្វើអោយខ្ញុំមានមុខក្នុង ជម្រើសជាតិកម្ពុជាវិញ ក្រោយខកខានជាប់ក្នុងបញ្ជីឈ្មោះជាង ៥ ឆ្នាំ »។ ហើយ កែវ សុខងន បានបន្តថា ការផ្តល់កម្លាំងចិត្តដូចនេះហើយ ធ្វើអោយខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ ប្រឹងប្រែងហ្វឹកហាត់ជាមួយមិត្តរួមក្រុម គ្រូបង្វឹក និងការប្រកួតនៅលើទីលាន ទើបខ្ញុំអាចជាប់ជម្រើសជាតិវិញ ។
រំលឹកឡើងវិញថា កីឡាករដែលមានដើមកំណើតមកពីខេត្តក្រចេះ ចាប់ផ្តើមជាប់ជម្រើសជាតិក្នុងឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០១២ ហើយខកខានរហូត ទើបដល់ឆ្នាំ ២០១៧ នេះត្រូវកោះហៅឡើងវិញ ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ចាប់ផ្តើមចូលលេងដំបូងក្នុងក្រុមភ្នំពេញក្រោន អំឡុងឆ្នាំ ២០០៧ បន្ទាប់មកបានទៅចូលរួមជាមួយក្រុម Samut Sakhon F.C ក្នុងលីគប្រទេសថៃក្នុងឆ្នាំ ២០១១ ហើយបានវិលមកចូលរួមជាមួយបឹងកេតក្នុងឆ្នាំ ២០១២ ដែលជាឆ្នំាក្រុមមានមូលដ្ឋាននៅ ខេត្តកំពង់ចាម លើកពានលីគកំពូលកម្ពុជាផងដែរ និងចុងក្រោយឆ្នាំ ២០១៥ ក៏វិលមកទ្រនំចាស់ ភ្នំពេញក្រោន វិញ ៕



មតិយោបល់