ព័ត៌មានកីឡា

Atletico Madrid ពន្យាពេលក្នុងការផ្លាស់ទៅកាន់កីឡដ្ឋានថ្មី

ក្រុម Atletico Madrid បានពន្យាពេលក្នុងការផ្លាស់ទៅកាន់កីឡដ្ឋានថ្មីដែលមានឈ្មោះថា Wanda Metropolitano ក្រោយពីអ្នកគាំទ្រ មានការប្រទាំងប្រទើសគ្នា ក្នុងការផ្លាស់ប្តូរនេះ។

Atletico Madrid ត្រួវបានខកខាន ក្នុងការផ្លាស់ទៅកាន់កីឡដ្ឋានថ្មីរបស់ពួកគេ សម្រាប់ការប្រកួតនៅរដូវកាល ២០១៧-២០១៨ នេះ។ ការខកខាននេះ បានកើតឡើងតាមរយ:ក្រុមអ្នកគាំទ្រ របស់ក្លិប គឺក្រុម Senales de Humo ដែលជាក្រុមអ្នកគាំទ្រក្លិបជាយូរមកហើយនោះ មិនមានបំណងចង់ឲ្យ Atletico Madrid ផ្លាស់ប្តូរកីឡដ្ឋានថ្មីឡើយ។ គួរបញ្ជាក់ផងដែរថា កាលពីចុងរដូវកាលមុន ក្រុម Atletico Madrid បានប្រកាសប្រាប់អ្នកគាំទ្រ ទាំងអស់ថា ក្លិបនឹងដូរកីឡដ្ឋានពី Vicente Calderon ដែលក្លិបបានចំណាយពេលជាង ៥០ឆ្នាំកន្លងមកនោះ ទៅ Wanda Metropolitano ដែលជាកីឡដ្ឋានថ្មី ទំនើបជាងមុន និងអាចផ្ទុកអ្នកទស្សនា បានច្រើនជាងមុនផងដែរ។

យ៉ាងណាវិញ ការផ្លាស់ប្តូរនេះ ត្រូវបានក្រុមអ្នកគាំទ្រប្រចាំក្លិប មិនសប្បាយចិត្តឡើយ ជាពិសេសក្រុម Senales de Humo មិនមានបំណងចង់ចាកចេញពី Vicente Calderon ឡើយ។ ហេតុនេះហើយ បញ្ហានេះបានធ្វើឲ្យក្លិបពិបាកក្នុងការសម្រេចចិត្តយ៉ាងខ្លាំងក្នុងការផ្លាស់ទៅកាន់កីឡដ្ឋានថ្មី។ យ៉ាងណាក៍ដោយ ក្រុម Atletico Madrid មិនបានផ្លាស់ប្តូរគំនិតក្នុងការចាកចេញឡើយ ដោយប្រធានក្លិបមួយនេះ បានសម្រេចចិត្ត ពន្យាពេល ការផ្លាស់ប្តូរនេះមួយរយ:សិន។

បើតាមការចុះផ្សាយរបស់សារពត៌មានក្នុងប្រទេសអេស្ប៉ាញ ក្រុម Atletico Madrid អាចពន្យាពេល ដល់ចុងឆ្នាំនេះ ដោយរង់ចាំការសម្រេចចិត្ត សារជាថ្មី នៅក្នុងកិច្ចប្រជុំរបស់ក្លិប នាខែកញ្ញាខាងមុខនេះ ក្នុងអំឡុងពេលដែល Wanda Metropolitano ត្រូវបានសាងសង់រួចជាស្ថាពរផងដែរ។

មតិយោបល់