គ្រូបង្វឹកក្រុមបាល់ទាត់អគ្គិសនីកម្ពុជា លោក ប្រាក់ វុទ្ធី បានលើកឡើងថា សម្រាប់ពានរង្វាន់លីគកំពូលកម្ពុជា ក្នុងរដូវកាល ២០១៧ នេះ សុំត្រឹមតែរួចផុតពីតំបន់កាន់ទៅលីគលំដាប់ទី២ ទៅបានហើយ តែសម្រាប់ក្លិបបានដាក់គោលការណ៍ផ្តោតទៅលើពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) ខ្លាំងជាង ហើយថ្មីៗនេះ បាននាំយកខ្សែបម្រើជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន មកចូលរួមជាមួយផងដែរ។
អតីតគ្រូបង្វឹកក្រុមចំការកៅស៊ូបឹងកេត ដែលបច្ចុប្បន្នប្តូឈ្មោះមកជា បឹងកេត បាននិយាយថា៖ «បើនិយាយពីក្រុមអគ្គិសនីកម្ពុជាពេលនេះ សម្រាប់ពានរង្វាន់លីគកំពូលកម្ពុជានៅរដូវកាល ២០១៧ នេះ មិនគិតថាចង់បានចំណាត់ថ្នាក់ខ្ពស់ឡើយគឺសុំត្រឹមតែរួចផុតពីតំបន់ដែលកាត់ចោល ទៅលេងលីគលំដាប់ទី២ ទៅបានហើយ ប៉ុន្តែក្លិបបានដាក់គោលដៅនៅក្នុងពានរង្វាន់សម្តេច ហ៊ុន សែន យ៉ាងអន់ណាស់ត្រឹមវគ្គ ៨ក្រុម ចុងក្រោយ»។ គ្រូបង្វឹកដែលធ្លាប់លើកពានលីគកំពូលនៅ ឆ្នាំ២០១២ រូបនេះ បន្ថែមថា ជាការពិតណាស់នៅក្នុងពានរង្វាន់សម្តេច ហ៊ុន សែន គឺយើងមានភាគរយខ្ពស់ដោយសារតែ គេប្រើតែកីឡាករក្នុងស្រុក(ខ្មែរ) ហើយកីឡាកររបស់យើងសុទ្ធតែមានបទពិសោធន៍ បើប្រៀបជាមួយក្លិបដទៃទៀត យើងមានសង្ឃឹមច្រើន បើលីគវិញ ជាក់ស្តែងក្រុមសុីម៉ាក់មិនសូវខ្លាំងទេ តែដោយសារមានកីឡាករបរទេស គេអាចយកឈ្នះ អគ្គិសនី បាន។
សូមបញ្ជាក់ផងដែរថា លោក ប្រាក់ វុទ្ធី ធ្លាប់ដឹកនាំ បឹងកេត នៅឆ្នាំ២០១២ ដល់ ២០១៤ និងបានលើកពានលីគកំពូល នៅឆ្នាំ២០១២ ជាមួយក្លិប បឹងកេត ដែលទើបតែចូលរួមជាមួយលីគកំពូលកម្ពុជាលើកដំបូងផងដែរ ក្រោយមកចូលរួមជាមួយក្រុមអគ្គិសនីកម្ពុជា ដែលទើបបង្កើតនៅឆ្នាំ២០១៦ ប្រកបអាជីបនៅលីគលំដាប់ទី២ បានត្រឹមជើងឯករង៕
មតិយោបល់