ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរក្សាទុកដាវកែឆ្នៃដោយខុសច្បាប់។
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១២ និង៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ធន់ សុរ័ត្នមុនី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ភាង សុភា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរ ជាងបាញ់ថ្នាំឡាន ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងនោះដកហូតបាន ដាវកែឆ្នៃចំនួន១ដើម ប្រវែងប្រហែល៥តឹក និងម៉ូតូវីវ៉ា១គ្រឿង។
ប្រភពដដែលបន្តថា មុនឈានដល់ការចាប់ឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងភូមិស្រាស្ត លុះដល់ចំណុចផ្លូវវេងស្រេង ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ កំពុងជិះម៉ូតូនិងមានកាន់ដាវ ភ្លាមៗនោះក៏បានហៅឃាត់សួរនាំ មកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ធាននគរនបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់