ព័ត៌មានកីឡា

ជប៉ុន នៅតែមិនអាចយកឈ្នះ អាមេរិកបានដដែល

ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តី របស់ប្រទេសជប៉ុន នៅតែមិនអាចយកឈ្នះ ក្រុមជម្រើសជាតិស្រ្តី របស់ប្រទេសអាមេរិកបាន ដដែល។

ជាក់ស្តែងណាស់ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ព្រឹកមិញនេះ ក្រុម ជប៉ុនបានចាញ់ អាមេរិក ក្នុងលទ្ធផល ៣-០។ ៣គ្រាប់របស់អាមេរិក រកបានដោយកីឡាការនី Rapinoe នៅនាទីទី ១២, កីឡាការនី Pugh នៅនាទីទី ៦០ និងកីឡាការនីឆ្នើម Morgan រកបានគ្រាប់ទី៣ នៅនាទីទី ៨០។ គួរបញ្ជាក់ផងដែរថា ក្រុមជប៉ុន បានបរាជ័យ ម្តងរួចហើយ កាលពីប្រកួតផ្តាច់ព្រ័ត្រ World Cup នាពេលកន្លងមកនេះ ហើយនៅពេលនេះ ក្រុមជប៉ុន នៅតែបន្តចាញ់ ក្រុម អាមេរិកដដែល។ យ៉ាងណាវិញ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីរបស់ ជប៉ុន នៅតែជាក្រុមមួយដែល ខ្លាំងក្លាដដែល ព្រោះថា ក្រៅពីអាមេរិក គឺមិនមានក្រុមណា ដែលអាចយកឈ្នះជប៉ុន បានដោយស្រួលដែរ សូម្បីក្រុមខ្លាំងប្រេស៊ីល, អាឡឺម៉ង់ និងអង់គ្លេសជាដើមសុទ្ធសឹង ធ្លាប់បរាជ័យ ក្រោមថ្វីជើងក្រុមបាល់ទាត់ស្ត្រីរបស់ជប៉ុន។

ម្យ៉ាងវិញទៀតនោះ សូម្បីក្រុម អាមេរិកនេះ ក៍ធ្លាប់បាត់ពាន Woman World Cup កាលពីឆ្នាំ ២០១១ ផងដែរ។ ដូច្នេះហើយ ក្រុមបាល់ទាត់ជម្រើសជាតិ ស្ត្រីរបស់ជប៉ុន នៅតែចិញ្ចឹមចិត្តសងសឹកក្រុមបាល់ទាត់ស្រ្តីរបស់ អាមេរិកដដែល ដោយព្យាយាមឲ្យបានល្អជាងនេះ។

មតិយោបល់